អេសាយ 64:6-9

អេសាយ 64:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។ គ្មាន​អ្នក​ណា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ឬ​ដាស់‌តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ‌អង្គ​ឡើង ដ្បិត​ព្រះ‌អង្គ​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។ ប៉ុន្តែ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ព្រះ‌អង្គ​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទាំង​អស់​គ្នា។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​កុំ​ក្រោធ​ខ្លាំង​ឡើយ សូម​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ព្រះ‌អង្គ​ពិចារ‌ណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេសាយ 64

អេសាយ 64:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ខ្ញុំ ព្រះអង្គ​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រះ‌ពិរោធ នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ក្រុង​ដ៏វិសុទ្ធ​នានា​របស់​ព្រះអង្គ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំ យេរូ‌សាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិន‌ហោច។

ចែក​រំលែក
អាន អេសាយ 64

អេសាយ 64:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់ ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ ក៏​សូម​កុំ​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ទ្រង់​ពិចារណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​រាស្ត្រ​របស់​ទ្រង់

ចែក​រំលែក
អាន អេសាយ 64