អេសាយ 64:1-9 - Compare All Versions
អេសាយ 64:1-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវព្រះអង្គបានស្គាល់ព្រះនាមព្រះអង្គ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះព្រះអង្គ នៅគ្រាដែលព្រះអង្គបានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះព្រះអង្គ។ ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។ ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ។ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។ គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គកុំក្រោធខ្លាំងឡើយ សូមកុំនឹកចាំពីអំពើទុច្ចរិតជាដរាបដែរ សូមមើល សូមព្រះអង្គពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
អេសាយ 64:1-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះកិត្តិនាមរបស់ព្រះអង្គ។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលព្រះអង្គសម្តែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យ ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ គឺនៅពេលព្រះអង្គយាងចុះមក ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពុំខាន។ តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើព្រះអង្គឡើយ គឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធ នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ព្រះអង្គ។ យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។ គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ របស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
អេសាយ 64:1-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ ទ្រង់តែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីទ្រង់ក្នុងអស់ទាំងផ្លូវរបស់ទ្រង់ មើល ទ្រង់បានមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប យើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ ដូច្នេះ យើងខ្ញុំនឹងបានសង្គ្រោះឬ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់ ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់