អេសាយ 64:1-12
អេសាយ 64:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវព្រះអង្គបានស្គាល់ព្រះនាមព្រះអង្គ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះព្រះអង្គ នៅគ្រាដែលព្រះអង្គបានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះព្រះអង្គ។ ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។ ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ។ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។ គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គកុំក្រោធខ្លាំងឡើយ សូមកុំនឹកចាំពីអំពើទុច្ចរិតជាដរាបដែរ សូមមើល សូមព្រះអង្គពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ អស់ទាំងទីក្រុងបរិសុទ្ធរបស់ព្រះអង្គ បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ។ ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលបុព្វបុរសរបស់យើងខ្ញុំបានសរសើរដល់ព្រះអង្គ នោះត្រូវគេដុតចោលហើយ ទីកន្លែងដែលយើងខ្ញុំពេញចិត្តទាំងអស់ ក៏ត្រូវខូចអស់ដែរ។ ឱព្រះយេហូវ៉ាអើយ ក្រោយពីឃើញហេតុការណ៍នេះកើតឡើងហើយ តើព្រះអង្គនៅតែអត់សង្កត់ព្រះហឫទ័យឬ? តើព្រះអង្គនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ?
អេសាយ 64:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ ទ្រង់តែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីទ្រង់ក្នុងអស់ទាំងផ្លូវរបស់ទ្រង់ មើល ទ្រង់បានមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប យើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ ដូច្នេះ យើងខ្ញុំនឹងបានសង្គ្រោះឬ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់ ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់ អស់ទាំងទីក្រុងបរិសុទ្ធរបស់ទ្រង់បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកឰយុកោនៃយើងខ្ញុំបានសរសើរដល់ទ្រង់ នោះត្រូវគេដុតចោលហើយ អស់ទាំងកន្លែង ជាទីពេញចិត្តរបស់យើងខ្ញុំ ក៏ត្រូវខូចអស់ទៅដែរ ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។