អេសាយ 63:7-16
អេសាយ 63:7-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។ ដ្បិតព្រះអង្គបានមានព្រះបន្ទូលថា គេជាប្រជារាស្ត្ររបស់យើងពិត គឺជាកូនចៅដែលមិនព្រមប្រព្រឹត្តខុសឆ្គងឡើយ បានជាព្រះអង្គធ្វើជាព្រះអង្គសង្គ្រោះដល់គេ។ ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។ ប៉ុន្តែ គេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យ នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហេតុនោះបានជាព្រះអង្គត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ។ ខណៈនោះ រាស្ត្រព្រះអង្គបាននឹកដល់គ្រាលោកម៉ូសេថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយគង្វាល នៃហ្វូងចៀមព្រះអង្គ តើព្រះអង្គនៅឯណា? ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គឲ្យសណ្ឋិតនៅនឹងគេ តើនៅឯណា? គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តម របស់ព្រះអង្គអមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីធ្វើឲ្យព្រះអង្គមាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ ជាព្រះដែលនាំគេដើរកាត់ទីជម្រៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សម្រាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដើម្បីធ្វើឲ្យព្រះនាមព្រះអង្គបានរុងរឿងឧត្តម។ សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។ ដ្បិតព្រះអង្គជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក ព្រះនាមព្រះអង្គជាព្រះដ៏ប្រោសលោះយើងខ្ញុំ។
អេសាយ 63:7-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមរំឭកពីអំពើដ៏សប្បុរសរបស់ព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ចំពោះកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ព្រះអង្គប្រទានមកជនជាតិអ៊ីស្រាអែល គឺកិច្ចការដែលព្រះអង្គបានសម្តែងចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលុប និងព្រះហឫទ័យសប្បុរសពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលថា: អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែន ពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត! ព្រះអង្គតែងតែសង្គ្រោះពួកគេជានិច្ច គ្រប់ពេលពួកគេមានអាសន្ន ព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺព្រះអង្គបានសង្គ្រោះពួកគេ ដោយផ្ទាល់ព្រះអង្គ។ ព្រះអង្គបានលោះពួកគេ ដោយព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។ ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ ខកព្រះហឫទ័យ ហើយប្រឆាំងនឹងពួកគេវិញ គឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ ជំនាន់លោកម៉ូសេ។ តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា? ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេ ហើយសម្តែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿង ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ រហូតតរៀងទៅ។ ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះ ទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាក នៅតាមជ្រលងភ្នំដែរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំ ប្រជារាស្ត្ររបស់ព្រះអង្គបែបនេះ ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ ថ្កុំថ្កើងរុងរឿង។ សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ! បពិត្រព្រះអម្ចាស់ ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។ លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេ លោកអ៊ីស្រាអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះ ដែលជាព្រះបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
អេសាយ 63:7-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា នឹងសេចក្ដីសប្បុរសដ៏ជាធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលទ្រង់បានប្រោសដល់គេតាមសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ទ្រង់ ដ្បិតទ្រង់បានមានបន្ទូលថា គេជារាស្ត្រអញពិត គឺជាកូនចៅដែលមិនព្រមប្រព្រឹត្តដោយគៃកាញ់ឡើយ ដូច្នេះបានជាទ្រង់បានធ្វើជាព្រះអង្គសង្គ្រោះដល់គេ ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។ តែគេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហេតុនោះបានជាទ្រង់បានត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ ខណៈនោះ រាស្ត្រទ្រង់បាននឹកដល់គ្រាជាន់មុន ហើយពីម៉ូសេដោយថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយនឹងអ្នកគង្វាលនៃហ្វូងចៀមទ្រង់ តើទ្រង់នៅឯណា ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យសណ្ឋិតនៅនឹងគេ នោះតើនៅឯណា គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សំរាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលទ្រង់បាននាំរាស្ត្រទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះនាមទ្រង់បានរុងរឿងឧត្តម។ សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ នឹងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត នឹងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ ពីព្រោះទ្រង់ជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ គង់តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក នោះព្រះនាមទ្រង់ជាព្រះដ៏ប្រោសលោះយើងខ្ញុំ