អេសាយ 63:13-19

អេសាយ 63:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​រុងរឿង​ឧត្តម។ សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង​ទទឹង ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អង្គ​ដូច្នេះ? សូម​ព្រះ‌អង្គ​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ជា​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​មត៌ក​របស់​ព្រះ‌អង្គ។ ប្រជា​រាស្ត្រ​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ព្រះ‌អង្គ​មិន​បាន​គ្រប់‌គ្រង គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម ព្រះ‌នាម​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេសាយ 63

អេសាយ 63:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន គេ​មិន​ជំពប់​ដួល​ឡើយ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះ ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បែប​នេះ ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ ថ្កុំ‌ថ្កើង​រុងរឿង។ សូម​ទ្រង់​ទត​មើល​ពី​លើ​មេឃ គឺ​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ។ ឯ​ណា​ទៅ ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ព្រះអង្គ! ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​ទូលបង្គំ​ដូច្នេះ! បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។ ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ព្រះអង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោតខ្លាច ព្រះអង្គ​ដូច្នេះ? សូម​យាង​មក​វិញ សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។ យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទីសក្ការៈ របស់​ព្រះអង្គ។ តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​លែង​គ្រប់‌គ្រង ព្រះអង្គ​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេសាយ 63

អេសាយ 63:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជំរៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​រុងរឿង​ឧត្តម។ សូម​ទ្រង់​ពិចារណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល​ពី​ទី​លំនៅ​នៃ​សេចក្ដី​បរិសុទ្ធ នឹង​សិរី‌ល្អ​របស់​ទ្រង់ តើ​សេចក្ដី​ខ្មី‌ឃ្មាត នឹង​ឫទ្ធា‌នុភាព​របស់​ទ្រង់ នៅ​ឯ​ណា ឯ​សេចក្ដី​កន្លេង​ក្នុង​ព្រះ‌ហឫទ័យ នឹង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​បាន​បង្ខាំង​ទុក នៅ​ចំពោះ​ទូលបង្គំ​ហើយ ពី​ព្រោះ​ទ្រង់​ជា​ព្រះវរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រាអែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ គង់​តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់‌កល្ប​រៀង​មក នោះ​ព្រះ‌នាម​ទ្រង់​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង‌ទទឹង​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ទ្រង់​ដូច្នេះ សូម​ទ្រង់​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ គឺ​ជា​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​មរដក​របស់​ទ្រង់ រាស្ត្រ​បរិសុទ្ធ​របស់​ទ្រង់​បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​នៃ​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ទ្រង់​មិន​បាន​គ្រប់‌គ្រង​ឡើយ គឺ​ដូច​ជា​ពួក​អ្នក ដែល​មិន​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​វិញ។

ចែក​រំលែក
អាន អេសាយ 63