អេសាយ 61:1-7
អេសាយ 61:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។ គេនឹងសង់អស់ទាំងទីក្រុង ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ និងទីកន្លែងដែលចោលស្ងាត់ជាច្រើនជំនាន់នោះឡើងវិញ។ គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យអ្នក មនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចម្ការទំពាំងបាយជូរឲ្យអ្នក។ តែអ្នករាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅអ្នករាល់គ្នា ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា អ្នករាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ។ អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ ជំនួសសេចក្ដីខ្មាសរបស់អ្នក ហើយមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក ហើយមានអំណរនៅអស់កល្បជានិច្ច។
អេសាយ 61:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង ព្រះហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។ ពួកគេនឹងសង់ក្រុង ដែលបាក់បែកកាលពីមុននោះឡើងវិញ ពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ ឲ្យមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោល ជាច្រើនជំនាន់នោះឡើងវិញ។ សាសន៍ដទៃនឹងនាំគ្នាមក ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅរបស់គេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា បូជាចារ្យ*របស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។ អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
អេសាយ 61:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។ គេនឹងសង់អស់ទាំងទី ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ ឯងរាល់គ្នានឹងបានចំណែក១ជា២ជំនួសសេចក្ដីខ្មាសរបស់ឯង ហើយនឹងមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ ឯងនឹងបាន២ចំណែកនៅក្នុងស្រុករបស់ឯង ហើយនឹងមានសេចក្ដីអំណរ ដ៏នៅអស់កល្បជានិច្ច