អេសាយ 60:7-13
អេសាយ 60:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯអ្នក ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់អ្នក ពួកវានឹងឡើងមកលើអាសនាយើង ដោយស្ម័គ្រពីចិត្ត ហើយយើងនឹងលើកតម្កើងវិហារនៃសិរីល្អរបស់យើង។ តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាប? ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។ ពួកសាសន៍ដទៃនឹងសង់កំផែងអ្នកឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់អ្នក ដ្បិតទោះបើយើងបានវាយអ្នក ក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ តែយើងបានអាណិតដល់អ្នក ក្នុងគ្រាដែលផ្តល់ព្រះគុណ។ ទ្វារកំផែងរបស់អ្នកនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិ របស់សាសន៍ទាំងប៉ុន្មានមកឯអ្នក ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង។ ដ្បិតសាសន៍ណា និងនគរណា ដែលមិនព្រមគោរពដល់អ្នក នោះនឹងត្រូវវិនាស សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង។ សេចក្ដីលម្អនៃព្រៃល្បាណូននឹងមកឯអ្នក គឺជាឈើកកោះ ឈើស្រល់ និងឈើស្រឡៅផង ដើម្បីតុបតែងកន្លែងនៃទីបរិសុទ្ធរបស់យើង ហើយយើងនឹងធ្វើឲ្យកន្លែង ដែលយើងនៅបានរុងរឿងឧត្តម។
អេសាយ 60:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហ្វូងសត្វនៅស្រុកកេដារ នឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាយញ្ញបូជានៅលើ អាសនៈរបស់យើង ជាតង្វាយដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។ តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។ មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។ ជនជាតិដទៃនឹងនាំគ្នាសង់ កំពែងរបស់អ្នកឡើងវិញ ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក តែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តា ចំពោះអ្នកវិញ។ ទោះជាយប់ ឬថ្ងៃក្ដី ទ្វាររបស់អ្នក នៅបើកចំហជានិច្ច ឥតបិទសោះឡើយ ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិ ទាំងឡាយហូរចូលមក និងឲ្យស្ដេចរបស់ពួកគេ មកជាហូរហែដែរ។ ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។ គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកឲ្យអ្នក គឺឈើដ៏មានតម្លៃទាំងអស់ ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម លំអទីសក្ការៈរបស់យើង។ យើងនឹងធ្វើឲ្យកន្លែងដែលយើង ស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
អេសាយ 60:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងឡើង។ ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង ដ្បិតទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្តល់ព្រះគុណវិញ ទ្វារកំផែងរបស់ឯងនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិរបស់សាសន៍ទាំងប៉ុន្មានមកឯឯង ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង ដ្បិតសាសន៍ណា នឹងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង សេចក្ដីលំអនៃព្រៃល្បាណូននឹងមកឯឯង គឺជាឈើកកោះ ឈើស្រល់ នឹងឈើស្រឡៅផង ដើម្បីនឹងតុបតែងកន្លែងនៃទីបរិសុទ្ធរបស់អញ ហើយអញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម