អេសាយ 59:1-13
អេសាយ 59:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។ ដ្បិតដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់អ្នកបានពោលពាក្យកំភូត ហើយអណ្ដាតអ្នកពោលងាំៗចេញជាអំពើទុច្ចរិត គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។ គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ រមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក ក៏ញាស់ចេញជាពស់វែក មងរបស់គេប្រើធ្វើជាសម្លៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួន ដោយការដែលគេធ្វើក៏មិនបានដែរ កិច្ចការរបស់គេសុទ្ធតែអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ។ ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។ គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយគ្មានសេចក្ដីយុត្តិធម៌នៅក្នុងដំណើររបស់គេ គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សម្រាប់ខ្លួន អ្នកណាដែលចូលតាមផ្លូវនោះ មិនស្គាល់សេចក្ដីសុខឡើយ។ ហេតុនោះបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ឯសេចក្ដីសុចរិតក៏មកតាមយើងខ្ញុំមិនទាន់ យើងខ្ញុំរង់ចាំពន្លឺ តែយើងមានសុទ្ធតែងងឹតទទេ ក៏ចាំឲ្យស្វាងឡើង តែយើងខ្ញុំដើរក្នុងសេចក្ដីសូន្យសុង។ យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។ ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ ចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ យើងខ្ញុំក៏ស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំហើយ គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។
អេសាយ 59:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំនឹកស្មានថា ព្រះអម្ចាស់មានបារមីទន់ខ្សោយ ពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយ ហើយកុំនឹកស្មានថា ព្រះអង្គមានព្រះកាណ៌ធ្ងន់ ស្ដាប់មិនឮនោះដែរ! តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ និងនិយាយបរិហារគេ។ ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។ គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។ អ្នករាល់គ្នារៀបចំគម្រោងការ ដូចត្បាញសំបុកពីងពាង ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់ បិទបាំងកាយឡើយ។ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។ ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ ប្រព្រឹត្តអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត អ្នករាល់គ្នាទៅទីណា ទីនោះនឹងត្រូវវិនាសហិនហោច។ អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។ ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់ នឹងរកយុត្តិធម៌ឲ្យយើង ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។ យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ ទោះបីយើងមានសុខភាពល្អក្ដី ក៏យើងដូចជាមនុស្សស្លាប់ដែរ។ យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើង តែព្រះអង្គមិនរកឲ្យទេ! យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ តែព្រះអង្គគង់នៅឆ្ងាយពីយើង!។ បពិត្រព្រះអម្ចាស់! យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន នៅចំពោះព្រះភ័ក្ត្រព្រះអង្គ អំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំ អំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ច យើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។ យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត និងក្បត់ព្រះអម្ចាស់ ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ ជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
អេសាយ 59:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លីដែលនឹងជួយសង្គ្រោះមិនបាននោះទេ ព្រះកាណ៌ទ្រង់ក៏មិនបានទៅជាធ្ងន់ ដែលនឹងស្តាប់មិនឮនោះដែរ គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ ដ្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់ឯងបានពោលពាក្យកំភូត ហើយអណ្តាតឯងពោលងាំៗចេញជាសេចក្ដីទុច្ចរិត គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរទទេ គេមានទំងន់ជាគំនិតបៀតបៀន ហើយសំរាលចេញជាអំពើទុច្ចរិត គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក មងរបស់គេនឹងប្រើធ្វើជាសំលៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួនដោយការដែលគេធ្វើក៏មិនបានដែរ ការរបស់គេសុទ្ធតែជាអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្ដីទុច្ចរិតទទេ មានសេចក្ដីវិនាស នឹងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយសេចក្ដីយុត្តិធម៌ក៏គ្មាននៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្ដីសុខឡើយ។ ហេតុនោះបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ឯសេចក្ដីសុចរិតក៏មកតាមយើងខ្ញុំមិនទាន់ផង យើងខ្ញុំរង់ចាំពន្លឺ តែមើល មានសុទ្ធតែងងឹតទទេ ក៏ចាំឲ្យស្វាងឡើង តែយើងខ្ញុំដើរក្នុងសេចក្ដីសូន្យសុងវិញ យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ អើ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្តាលទីសាបសូន្យ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំទេ ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចំរើនជាច្រើនឡើងនៅចំពោះទ្រង់ ឯចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ ពីព្រោះអំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ ឯអំពើទុច្ចរិតរបស់យើងខ្ញុំ នោះយើងខ្ញុំក៏ស្គាល់ទាំងអស់ហើយ គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន នឹងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក