អេសាយ 58:1-9

អេសាយ 58:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​ប្រជា‌រាស្ត្រ​របស់​យើង ពី​អំពើ​រំលង​របស់​គេ និង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ។ រាល់​តែ​ថ្ងៃ​គេ​ស្វែង​រក​យើង​ជា‌និច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​យើង គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពីយើង ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ។ គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឃើញ​សោះ? យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ? នេះ​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​នោះ គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករ។ មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ការ​ទាស់​ទែង​គ្នា វាយ​ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​អ្នក​តម​អត់​នៅពេល​នេះ គឺ​មិន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​អ្នក បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ។ តើ​ការ​តម​អត់ដែល​យើងពេញ​ចិត្ត ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ឬ? គឺ​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស ហើយ​ក្រាល​សំពត់​ធ្មៃ និង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ធ្វើ​បុណ្ណឹង​ល្មម​ឬ? នេះ​ឬ​ដែល​អ្នក​ហៅ​ថា ការ​តម​អត់ ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នោះ? តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង តើ​មិន​មែន​ជា​ការ​ចែក​អាហារ​ដល់​អ្នក​ស្រែក​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​អ្នក​ទេ​ឬ? ឬ​បើ​កាល​ណា​អ្នក​ឃើញ​មនុស្ស​ឥត​មាន​សម្លៀក‌បំពាក់ តើ​អ្នក​មិន​ឲ្យ​បិទ​បាំងទេឬ? ឬឥត​ដែល​ពួន​ពី​សាច់‌ញាតិ​របស់​អ្នក​ទេ​ឬ? ពេល​នោះ ទើប​ពន្លឺ​របស់​អ្នក នឹង​លេច​មក​ដូច​ជា​អរុណ​រស្មី ហើយ​សេចក្ដី​សុខ​ស្រួល​របស់​អ្នក នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​អ្នក នឹង​នាំ​មុខ​អ្នក ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការពារ​អ្នក។ គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​ឯ​ណេះ​ហើយ គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង! រៀង​រាល់​ថ្ងៃ គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ក្រឹត្យ‌វិន័យ​ព្រះ​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។ ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ទត​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។ អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះ ស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ? អ្នក​រាល់​គ្នា​ឱន​ក្បាល ដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់ អ្នក​រាល់​គ្នា​ក្រាប​លើ​បាវ និង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជា ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ? ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។ ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បងប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។ បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នក នឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះ ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស សេចក្ដី​សុចរិត​របស់​អ្នក នឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជានិច្ច ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។ ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​អញ​ពី​អំពើ​រំលង​របស់​គេ នឹង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ រាល់​តែ​ថ្ងៃ គេ​ស្វែង​រក​អញ​ជានិច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​អញ គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពី​អញ ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ឃើញ​សោះ យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ នេះ​ពី​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​តម​អត់​នោះ គឺ​ឯង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​វិញ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ធ្វើ​ការ​ឈ្នួល​ផង មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក នឹង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ តើ​ជា​ការ​តម​អត់​បែប​យ៉ាង​នោះ គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ដូច្នេះ ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អញ​ឬ ដែល​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស ហើយ​ក្រាល​សំពត់​ធ្មៃ នឹង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ល្មម​ប៉ុណ្ណោះ​ឬ នេះ​ឬ​ដែល​ឯង​ហៅ​ថា ការ​តម​អត់ ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នោះ តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់‌សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀក‌បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់‌ញាតិ​របស់​ឯង​ទេ​ឬ​អី យ៉ាង​នោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូច​ជា​រស្មី​អរុណ ហើយ​សេចក្ដី​សុខ​ស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការ‌ពារ​ពី​ក្រោយ​ឯង គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង

ចែក​រំលែក
អាន អេសាយ 58