អេសាយ 55:8-13
អេសាយ 55:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។ ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។ នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
អេសាយ 55:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើងក៏ខុសប្លែកពី គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្ដល់អាហារឲ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ រួចរាល់សព្វគ្រប់។ ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។ ដើមកកោះនឹងដុះឡើងជំនួសបន្លា ដើមចំប៉ីនឹងដុះជំនួសខ្ញែរ ទុកជាទីសម្គាល់ដែលឥតប្រែប្រួល ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា ព្រះអម្ចាស់បានធ្វើការនេះ។
អេសាយ 55:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនឹងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំ នឹងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃផង នោះនឹងមានដើមកកោះដុះឡើងជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើងជំនួសអញ្ចាញ ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។