អេសាយ 55:6-11
អេសាយ 55:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។ ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
អេសាយ 55:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គ ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ អត់ទោសឲ្យគេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើងក៏ខុសប្លែកពី គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្ដល់អាហារឲ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ រួចរាល់សព្វគ្រប់។
អេសាយ 55:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ