អេសាយ 55:1-9
អេសាយ 55:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ។ ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កម្លាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ? ចូរស្តាប់តាមយើងឲ្យអស់ពីចិត្តចុះ នោះអ្នកនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងអ្នកបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស។ ចូរឱនត្រចៀក ហើយមកឯយើង ចូរស្តាប់ចុះ នោះព្រលឹងអ្នកនឹងបានរស់ យើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។ មើល៍ យើងបានតាំងដាវីឌទុកជាទីបន្ទាល់ ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ។ មើល៍ អ្នកនឹងហៅសាសន៍មួយដែលអ្នកមិនបានស្គាល់ ហើយសាសន៍មួយដែលមិនបានស្គាល់អ្នកនោះ នឹងរត់មកឯអ្នក ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកហើយ។ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។ ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
អេសាយ 55:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: អស់អ្នកដែលស្រេកទឹកអើយ ចូរនាំគ្នាមករកទឹកឯណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ! ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចម្អែតក្រពះដូច្នេះ? ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។ ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះដាវីឌ។ យើងបានតែងតាំងដាវីឌ ឲ្យធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។ អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ ដែលអ្នកមិនស្គាល់ពីមុនឲ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។ ចូរស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គ ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ អត់ទោសឲ្យគេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើងក៏ខុសប្លែកពី គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
អេសាយ 55:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ អើ ចូរមកទិញស្រាទំពាំងបាយជូរ នឹងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ ចូរស្តាប់តាមអញឲ្យអស់ពីចិត្តចុះ នោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ មើល អញបានតាំងដាវីឌទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ មើល ឯងនឹងហៅសាសន៍១ដែលឯងមិនបានស្គាល់ ហើយសាសន៍១ដែលមិនបានស្គាល់ឯង គេនឹងរត់មកឯឯង ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងហើយ។ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ