អេសាយ 54:5-10
អេសាយ 54:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។ ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាបានហៅអ្នកទុកដូចជាស្ត្រី ដែលប្តីបោះបង់ចោល ដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំលោះ ដែលត្រូវបង់ចោលហើយ។ ដ្បិតយើងបានបោះបង់ចោលអ្នកតែមួយភ្លែតទេ តែយើងនឹងទទួលអ្នកមកវិញ ដោយសេចក្ដីមេត្តាជាខ្លាំង។ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។ ការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់យើង ហើយដែលយើងបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិន ដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះយើងក៏ស្បថថា យើងនឹងមិនដែលមានសេចក្ដីក្រោធចំពោះអ្នក ឬបន្ទោសអ្នកតទៅយ៉ាងនោះដែរ។ ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
អេសាយ 54:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា «ព្រះអម្ចាស់នៃពិភពទាំងមូល»។ ព្រះដែលបានលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា «ព្រះជាម្ចាស់នៃផែនដីទាំងមូល»។ អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំ តែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នក ឲ្យវិលមកវិញហើយ។ ព្រះរបស់អ្នកមានព្រះបន្ទូលថា: “បុរសពុំអាចបោះបង់ចោលភរិយាដែល ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។ យើងបានបោះបង់អ្នកមួយភ្លែតមែន តែយើងនឹងទទួលអ្នកមកវិញ ដោយចិត្តអាណិតអាសូរពន់ពេកណាស់។ យើងបានខឹងសម្បារនឹងអ្នក ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោះអ្នកមកវិញ។ កាលពីជំនាន់លោកណូអេ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។ ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី សេចក្ដីស្រឡាញ់របស់យើង មិនឃ្លាតចេញពីអ្នកឡើយ រីឯសម្ពន្ធមេត្រីរបស់យើង ដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះ ក៏មិនប្រែប្រួលដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលអាណិតមេត្តាអ្នក។
អេសាយ 54:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះដែលបង្កើតឯងមក ទ្រង់ជាប្ដីរបស់ឯងហើយ ព្រះនាមទ្រង់ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅទ្រង់ថា ជាព្រះនៃលោកីយទាំងមូល ដ្បិតព្រះទ្រង់មានបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានហៅឯងទុកដូចជាស្ត្រីដែលប្ដីបោះបង់ចោលហើយ ដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំឡោះ ដែលត្រូវបង់ចោលហើយ អ្នកបានបោះបង់ចោលឯងតែ១ភ្លែតទេ តែអញនឹងទទួលឯងមកវិញ ដោយសេចក្ដីមេត្តាជាខ្លាំង ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះឯង ទ្រង់មានបន្ទូលថា អញបានគេចមុខចេញពីឯងនៅតែ១ភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែអញនឹងអាណិតអាសូរដល់ឯង ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។ ការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់អញ ហើយដែលអញបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះអញក៏ស្បថថា អញនឹងមិនដែលមានសេចក្ដីក្រោធចំពោះឯង ឬបន្ទោសឯងតទៅយ៉ាងនោះដែរ ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន ហើយអស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្ដីសប្បុរសរបស់អញនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់អញក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ប្រោសមេត្តាដល់ឯង។