អេសាយ 54:1-17

អេសាយ 54:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ស្ត្រី​អារ​ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​នៅ​តែ​ម្នាក់​ឯង មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្តី​ទៅ​ទៀត។ ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​អ្នក​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ សំពត់​ត្រសាល​របស់​អ្នក​ទៅ កុំ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចម្រឹង​ឲ្យ​មាំ​ចុះ។ ដ្បិត​អ្នក​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាប់​បាន អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់ បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។ កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ព្រោះ​អ្នក​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ អ្នក​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​អ្នក​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះ‌ដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ។ ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។ ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​បាន​ហៅ​អ្នក​ទុក​ដូច​ជា​ស្ត្រី ដែល​ប្តី​បោះ‌បង់​ចោល ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំលោះ ដែល​ត្រូវ​បង់​ចោល​ហើយ។ ដ្បិត​យើងបាន​បោះ‌បង់​ចោល​អ្នក​តែ​មួយ​ភ្លែត​ទេ តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​គេច​មុខ​ចេញ​ពី​អ្នក​នៅ​តែ​មួយ​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​យើង​នឹង​អាណិត​អាសូរ​ដល់​អ្នក ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​វិញ។ ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​យើង ហើយ​ដែល​យើង​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​យើង​ក៏​ស្បថ​ថា យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។ ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។ ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កម្សាន្ត​ចិត្ត​អើយ យើង​នឹង​រៀប​ថ្ម​អ្នក​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​អ្នក​ដោយ​ត្បូង​កណ្តៀង។ យើង​នឹង​ធ្វើ​កំផែង​សីមា​ពី​ត្បូង​ទទឹម ហើយ​ធ្វើ​ទ្វារ​ពី​ត្បូង​បារកេត និង​ក្បាច់​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ។ ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ។ អ្នក​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​អ្នក​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក នោះ​មិន​មែន​មក​ពី​យើង​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​អ្នក គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​អ្នក។ មើល៍ គឺ​យើង​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សម្រាប់​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សម្រាប់​នឹង​បំផ្លាញ។ ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើនោះ គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កម្រើក ទាស់​នឹង​អ្នក​ក្នុង​រឿង​ក្តី នោះ​អ្នក​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មត៌ក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេសាយ 54

អេសាយ 54:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ តែ​ឥឡូវ​នេះ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ! អ្នក​ដែល​លែង​សម្រាល​កូន​អើយ! ចូរ​អបអរ‌សាទរ​ឡើង ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោល នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី នៅ​ជា​មួយ​ទៅ​ទៀត។ ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក ឲ្យ​វែង​កុំ​សំចៃ​ឡើយ! ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើង ពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញ ព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែល គេ​បាន​បោះ​បង់​ចោល​ផង។ កុំ​ភ័យ​ខ្លាច​អ្វី អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ កុំ​ព្រួយ​ចិត្ត​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយ អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀល នៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក។ ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក! ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។ អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល ហើយ​កើត​ទុក្ខ​ក្រៀម‌ក្រំ តែ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​អ្នក ឲ្យ​វិល​មក​វិញ​ហើយ។ ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា: “បុរស​ពុំ​អាច​បោះ​បង់​ចោល​ភរិយា​ដែល ខ្លួន​រៀបការ​កាល​ពី​នៅ​វ័យ​ក្មេង​បាន​ឡើយ”។ យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែន តែ​យើង​នឹង​ទទួលអ្នក​មក​វិញ ដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។ យើង​បាន​ខឹង‌សម្បារ​នឹង​អ្នក ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជានិច្ច។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោះ​អ្នក​មក​វិញ។ កាល​ពី​ជំនាន់​លោក​ណូអេ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។ ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដី សេចក្ដី​ស្រឡាញ់​របស់​យើង មិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយ រីឯ​សម្ពន្ធ‌មេត្រី​របស់​យើង ដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះ ក៏​មិន​ប្រែ‌ប្រួល​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​អាណិត​មេត្តា​អ្នក។ ក្រុង​ដ៏​សែន​វេទនា​អើយ! អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។ ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត មក​សង់​អ្នក​ឡើង​វិញ យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។ យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។ អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិត ហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យ ឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។ ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។ យើង​បាន​បង្កើត​ជាង​ដែក ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេច គ្រឿង​អាវុធ​នោះ​ដែរ។ គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសាយ 54

អេសាយ 54:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ស្ត្រី​អារ ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ‌ចាប់​នឹង​សំរាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​បង់​ខ្លួន​នៅ​តែ​ឯង នោះ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំរ៉ឹង​ឲ្យ​មាំ​ឡើង​ចុះ ដ្បិត​ឯង​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ នឹង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​ឯង​នឹង​ចាប់​បាន​អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់​បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​ឯង​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ពី​ព្រោះ​ឯង​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ ឯង​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​ឯង​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​ឯង​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ ដ្បិត​ព្រះ​ដែល​បង្កើត​ឯង​មក ទ្រង់​ជា​ប្ដី​របស់​ឯង​ហើយ ព្រះ‌នាម​ទ្រង់ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​នឹង​ហៅ​ទ្រង់​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល ដ្បិត​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ឯង​ទុក​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ‌បង់​ចោល​ហើយ ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំឡោះ ដែល​ត្រូវ​បង់​ចោល​ហើយ អ្នក​បាន​បោះ‌បង់​ចោល​ឯង​តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង ទ្រង់​មាន​បន្ទូល​ថា អញ​បាន​គេច​មុខ​ចេញ​ពី​ឯង​នៅ​តែ​១​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​អញ​នឹង​អាណិត‌អាសូរ​ដល់​ឯង ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ។ ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​អញ ហើយ​ដែល​អញ​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន​ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​អញ​ក៏​ស្បថ​ថា អញ​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​ឯង ឬ​បន្ទោស​ឯង​ត​ទៅ​យ៉ាង​នោះ​ដែរ ពី​ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែសេចក្ដី​សប្បុរស​របស់​អញ​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​អញ​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង។ ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កំសាន្ត​ចិត្ត​អើយ មើល អញ​នឹង​រៀប​ថ្ម​ឯង​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​ឯង​ដោយ​ត្បូង‌កណ្តៀង អញ​នឹង​ធ្វើ​កំផែង​សីមា​ឯង​ពី​ត្បូង​ទទឹម ហើយ​ទ្វារ​ឯង​ពី​ត្បូង​បារកេត នឹង​ក្បាច់​ឯង​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​ដំឡៃ ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ ឯង​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​ឯង​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ពី​ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ មើល នឹង​មាន​គេ​លើក​គ្នា​ឡើង តែ​នោះ​មិន​មែន​មក​ពី​អញ​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​ឯង គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​ឯង មើល អញ​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សំរាប់​ជា​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សំរាប់​នឹង​បំផ្លាញ​ផង ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្តាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្តី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេសាយ 54