អេសាយ 52:7-15

អេសាយ 52:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ល្អ​ណាស់​ហ្ន៎ គឺ​ជើង​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​អ្នក​ព្រះ‌អង្គ​សោយ‌រាជ្យ។ មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​អ្នក គេ​បន្លឺ​ឡើង​ច្រៀង​ជា‌មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។ អស់​ទាំង​ទី​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​អំណរ ចូរ​ច្រៀង​ជា‌មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ទុក្ខ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​យាង​នាំ​មុខ​អ្នក ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​នឹង​ការពារ​អ្នក។ មើល៍ អ្នក​បម្រើ​របស់​យើង នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន​ប្រយែង ព្រះ‌អង្គ​នឹង​បាន​តម្កើង​ឡើង គេ​នឹង​លើក​ព្រះ‌អង្គ​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់។ មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​តក់​ស្លុត​យ៉ាង​នោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់​នៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ ហើយ​គេ​នឹង​បាន​ឮ​សេចក្ដី ដែល​គេ​មិន​ធ្លាប់​ឮពីមុន។

ចែក​រំលែក
អាន អេសាយ 52

អេសាយ 52:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។ នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញ​ព្រះ‌អម្ចាស់​យាង​ត្រឡប់​មក ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។ គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ! ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ! អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេ ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នា ដើម្បី​ការពារ​អ្នក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើន មាន​ឋានៈ​ខ្ពង់‌ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។ កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោក គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។ តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។

ចែក​រំលែក
អាន អេសាយ 52

អេសាយ 52:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​ឯង គេ​បន្លឺ​ឡើង​ច្រៀង​ជា​មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ អស់​ទាំង​ទី​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជា​មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្តាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ ដ្បិត​ឯង​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​នឹង​ការ‌ពារ​នៅ​ខាង​ក្រោយ​ឯង​ផង។ មើល អ្នក​បំរើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត‌ប្រយែង ទ្រង់​នឹង​បាន​ដំកើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់ មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌ភក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង) នោះ​ទ្រង់​នឹង​ប្រោស​លើ​សាសន៍​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់ នៅ​ចំពោះ​ទ្រង់ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ​ឡើយ ហើយ​សេចក្ដី​ដែល​គេ​មិន​បាន​ឮ​ថ្លែង​ប្រាប់​មក​សោះ នោះ​គេ​នឹង​បាន​យល់​ច្បាស់​វិញ។

ចែក​រំលែក
អាន អេសាយ 52