អេសាយ 52:1-12

អេសាយ 52:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​អ្នក​ចេញ ហើយ​ក្រោក​អង្គុយ ឱ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​អ្នក​ចេញ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាស‌ស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​យើង​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​យើង​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ។ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​ថ្ងៃ នាម​យើង​ត្រូវ​ប្រមាថ​ជា‌និច្ច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ហេតុ​នោះ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​ស្គាល់​នាម​យើង គេ​នឹង​ដឹង​ក្នុង​ថ្ងៃ​នោះ​ថា គឺ​យើង​នេះ​ហើយ ដែល​ចេញ​វាចា គឺ​យើង​នេះ​ហើយ។ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​អ្នក​ព្រះ‌អង្គ​សោយ‌រាជ្យ។ មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​អ្នក គេ​បន្លឺ​ឡើង​ច្រៀង​ជា‌មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។ អស់​ទាំង​ទី​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​អំណរ ចូរ​ច្រៀង​ជា‌មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ទុក្ខ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​យាង​នាំ​មុខ​អ្នក ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​នឹង​ការពារ​អ្នក។

ចែក​រំលែក
អាន អេសាយ 52

អេសាយ 52:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង សម្តែង​ឫទ្ធិ។ យេរូ‌សាឡឹម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក‌បំពាក់ ដ៏​ល្អ​ប្រណីត ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ នឹង​លែង​ចូល​មក​លុក‌លុយ​អ្នក​ទៀត​ហើយ។ យេរូ‌សាឡឹម​អើយ ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​អ្នក ចូរ​ក្រោក​មក​អង្គុយ​នៅ​កន្លែង​ដើម របស់​អ្នក​វិញ! ក្រុង​ស៊ីយ៉ូន​ដែល​ជាប់​ជា​ឈ្លើយ​អើយ ចូរ​ស្រាយ​ចំណង​ចេញ​ពី​ក​អ្នក​ទៅ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​បាន​លក់​អ្នក ឲ្យ​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ ដោយ​មិន​ឲ្យ​គេ​បង់​ប្រាក់ ព្រះអង្គ​ក៏​លោះ​អ្នក​យក​មក​វិញ ដោយ​មិន​បង់​ប្រាក់​ដែរ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពី​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​ចុះ​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប នៅ​ទី​បញ្ចប់​ជន‌ជាតិ​អាស្ស៊ីរី​ធ្វើ​បាប​ពួក​គេ​យ៉ាង​សែន​ឃោរ‌ឃៅ។ ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គេ​យក​ប្រជា‌ជន​របស់​យើង​ទៅ ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយ‌ឃោស -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គេ​នាំ​គ្នា​ប្រមាថ​ឈ្មោះ​យើង​ជា​រៀង​រាល់​ថ្ងៃ។ ហេតុ​នេះ នៅ​ថ្ងៃ​នោះ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​ដឹង​ថា យើង​ជា​នរណា គេ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ដែល​និយាយ​ថា យើង​មក​ដល់​ហើយ។ អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។ នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញ​ព្រះ‌អម្ចាស់​យាង​ត្រឡប់​មក ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។ គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ! ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ! អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេ ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នា ដើម្បី​ការពារ​អ្នក។

ចែក​រំលែក
អាន អេសាយ 52

អេសាយ 52:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កំឡាំង​របស់​ឯង ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​ឯង​ទៀត​ឡើយ ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​ឯង​ចេញ ហើយ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​ឯង​ចេញ។ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​នឹង​បាន​លោះ​មក​វិញ ឥត​បង់​ប្រាក់​ដែរ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង​រាស្ត្រ​អញ​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាសស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​អញ​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​អញ​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​តែ​ថ្ងៃ នាម​អញ​ត្រូវ​ប្រមាថ​ជានិច្ច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហេតុ​នោះរាស្ត្រ​អញ​នឹង​ស្គាល់​នាម​អញ ហេតុ​នោះគេ​នឹង​ដឹង​ក្នុង​ថ្ងៃ​នោះ​ថា គឺ​អញ​នេះ​ហើយ ដែល​ចេញ​វាចា មើល គឺ​អញ​នេះ​ហើយ។ អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​ឯង គេ​បន្លឺ​ឡើង​ច្រៀង​ជា​មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ អស់​ទាំង​ទី​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជា​មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្តាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ ដ្បិត​ឯង​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​នឹង​ការ‌ពារ​នៅ​ខាង​ក្រោយ​ឯង​ផង។

ចែក​រំលែក
អាន អេសាយ 52