អេសាយ 51:9-23
អេសាយ 51:9-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ? តើមិនមែនព្រះអង្គទេឬ ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជម្រៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ? ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។ យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ? អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា? បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយ នឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ។ ដ្បិតយើង ជាយេហូវ៉ា គឺជាព្រះរបស់អ្នក ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាល ដែលរលកកម្រើកឡើង ឮសន្ធឹក នាមរបស់យើង គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ។ យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។ ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។ ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ។ សេចក្ដីទាំងពីរមុខនេះ បានធ្លាក់មកលើអ្នកហើយ គឺសេចក្ដីរឹបជាន់ និងសេចក្ដីបំផ្លាញ តើអ្នកណាសោកស្តាយនឹងអ្នក? ក៏មានអំណត់ និងដាវផង តើអ្នកណានឹងកម្សាន្តចិត្តអ្នកបាន? ពួកកូនប្រុសរបស់អ្នកបានសន្លប់ទៅហើយ គេដេកតាមដងផ្លូវ ដូចជាប្រើសដែលជាប់អន្ទាក់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសនៃព្រះរបស់អ្នក។ ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ព្រះអម្ចាស់នៃអ្នក គឺព្រះយេហូវ៉ាជាព្រះ ដែលកាន់ក្តីជំនួសប្រជារាស្ត្រព្រះអង្គ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មើល៍ យើងបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកទៀតឡើយ។ យើងនឹងដាក់ពែងនោះទៅក្នុងដៃ របស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ឲ្យខ្នងអ្នកបានរាបដូចជាដី សម្រាប់ជាថ្នល់ឲ្យគេដើរលើ។
អេសាយ 51:9-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សម្តែងព្រះបារមី! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ ព្រះបារមីព្រះអង្គ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។ ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ព្រះអង្គបានលោះ ដើរឆ្លងកាត់។ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ទាំងស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: គឺយើងនេះហើយដែលសម្រាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។ អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅឡើយ។ បន្តិចទៀត អ្នកជាប់ឃុំឃាំងនឹងមានសេរីភាព គេមិនត្រូវស្លាប់នៅក្នុងគុកនោះទេ គេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងធ្វើឲ្យសមុទ្រកក្រើក ព្រមទាំងធ្វើឲ្យទឹករលកបក់បោក យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើង យើងលាតដៃធ្វើជាម្លប់ការពារអ្នក ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី ហើយពោលទៅកាន់អ្នកក្រុងថា “អ្នកជាប្រជាជនរបស់យើង”។ យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី! ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។ ទុក្ខវេទនាពីរយ៉ាងបានកើតមាន ចំពោះអ្នកផ្ទួនៗគ្នា គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី ទុរ្ភិក្ស និងសង្គ្រាម តែគ្មាននរណាអាណិតអាសូរអ្នក គ្មាននរណាសម្រាលទុក្ខអ្នកសោះ។ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ព្រះរបស់អ្នកគំរាមកំហែងពួកគេ។ ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ ចូរស្ដាប់ចុះ! អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ! ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
អេសាយ 51:9-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជំរៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សំរាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចំរៀង គេនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ឯសេចក្ដីទុក្ខព្រួយនឹងដំងូរ នោះនឹងខ្ចាត់បាត់ទៅ។ អញ គឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្តឯងរាល់គ្នា តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមក ដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ដែលទ្រង់បានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់តែថ្ងៃឯងមានសេចក្ដីភ័យវិញ ដោយខ្លាចចំពោះសេចក្ដីក្រោធរបស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញឯងបង់ តែសេចក្ដីក្រោធរបស់គេនោះតើនៅឯណា បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយនឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ ដ្បិតអញ ជាយេហូវ៉ា គឺជាព្រះនៃឯង ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកំរើកឡើងឮសន្ធឹក នាមអញ គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ អញបានដាក់ពាក្យពេចន៍របស់អញនៅក្នុងមាត់ឯង ហើយបានគ្របបាំងឯងដោយស្រមោលនៃដៃអញ ដើម្បីឲ្យអញបានរៀបចំផ្ទៃមេឃ ហើយដាក់ឫសផែនដី រួចនិយាយដល់ពួកក្រុងស៊ីយ៉ូនថា ឯងជារាស្ត្ររបស់អញ។ ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹកពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ ឯងបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសំរាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ សេចក្ដីទាំង២មុខនេះ បានធ្លាក់មកលើឯងហើយ គឺសេចក្ដីរឹបជាន់នឹងសេចក្ដីបំផ្លាញ តើអ្នកឯណានឹងសោកស្តាយនឹងឯង ក៏មានសេចក្ដីអំណត់ នឹងដាវផង ធ្វើដូចម្តេចឲ្យអញកំសាន្តចិត្តឯងបាន ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។ ដូច្នេះឯងដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ចូរស្តាប់សេចក្ដីនេះឥឡូវ ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានបន្ទូលដូច្នេះថា មើល អញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ អញនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខឯងវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងឯងថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើ ហើយឯងបានដេកទៅ ឲ្យខ្នងឯងបានរាបដូចជាដី សំរាប់ជាថ្នល់ឲ្យគេដើរលើ។