អេសាយ 51:4-8
អេសាយ 51:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្តាប់តាមយើង ឱសាសន៍របស់យើងអើយ ចូរផ្ទៀងត្រចៀកចំពោះយើងចុះ ដ្បិតនឹងមានច្បាប់មួយចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីយុត្តិធម៌របស់យើង ទុកជាពន្លឺដល់អស់ទាំងសាសន៍។ ឯសេចក្ដីសុចរិតរបស់យើងបានមកជិត សេចក្ដីសង្គ្រោះរបស់យើងបានផ្សាយចេញទៅហើយ ដើមដៃយើងនឹងជំនុំជម្រះអស់ទាំងសាសន៍ ឯកោះទាំងប៉ុន្មាន នឹងសង្ឃឹមដល់យើង ហើយទុកចិត្តនឹងដៃយើងដែរ។ ចូរងើយមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនត្រូវលើកចោលឡើយ។ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។ ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចោះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះរបស់យើង មានសម្រាប់មនុស្សគ្រប់ជំនាន់។
អេសាយ 51:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនរបស់យើងអើយ ចូរត្រងត្រាប់ស្ដាប់យើង! ប្រជាជាតិរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើង! ដ្បិតយើងនឹងបង្កើតក្រឹត្យវិន័យ យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។ សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។ ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។ ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
អេសាយ 51:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱរាស្ត្រអញអើយ ចូរប្រុងស្តាប់តាមអញ ឱសាសន៍របស់អញអើយ ចូរផ្ទៀងត្រចៀកចំពោះអញចុះ ដ្បិតនឹងមានច្បាប់១ចេញពីអញទៅ ហើយអញនឹងតាំងសេចក្ដីយុត្តិធម៌របស់អញ ទុកជាពន្លឺដល់អស់ទាំងសាសន៍ ឯសេចក្ដីសុចរិតរបស់អញបានមកជិត សេចក្ដីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយ ដើមដៃអញនឹងជំនុំជំរះអស់ទាំងសាសន៍ ឯបណ្តាកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់អញ ហើយនឹងទុកចិត្តនឹងដៃអញដែរ ចូរងើយភ្នែកមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសំលៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់អញនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់អញនឹងមិនត្រូវលើកចោលឡើយ។ ឯងរាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់អញនៅក្នុងចិត្តអើយ ចូរស្តាប់តាមអញចុះ កុំឲ្យខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចុះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់អញនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះផង ដរាបដល់អស់ទាំងដំណមនុស្សតទៅ។