អេសាយ 51:17-23
អេសាយ 51:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។ ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ។ សេចក្ដីទាំងពីរមុខនេះ បានធ្លាក់មកលើអ្នកហើយ គឺសេចក្ដីរឹបជាន់ និងសេចក្ដីបំផ្លាញ តើអ្នកណាសោកស្តាយនឹងអ្នក? ក៏មានអំណត់ និងដាវផង តើអ្នកណានឹងកម្សាន្តចិត្តអ្នកបាន? ពួកកូនប្រុសរបស់អ្នកបានសន្លប់ទៅហើយ គេដេកតាមដងផ្លូវ ដូចជាប្រើសដែលជាប់អន្ទាក់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសនៃព្រះរបស់អ្នក។ ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ព្រះអម្ចាស់នៃអ្នក គឺព្រះយេហូវ៉ាជាព្រះ ដែលកាន់ក្តីជំនួសប្រជារាស្ត្រព្រះអង្គ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មើល៍ យើងបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកទៀតឡើយ។ យើងនឹងដាក់ពែងនោះទៅក្នុងដៃ របស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ឲ្យខ្នងអ្នកបានរាបដូចជាដី សម្រាប់ជាថ្នល់ឲ្យគេដើរលើ។
អេសាយ 51:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី! ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។ ទុក្ខវេទនាពីរយ៉ាងបានកើតមាន ចំពោះអ្នកផ្ទួនៗគ្នា គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី ទុរ្ភិក្ស និងសង្គ្រាម តែគ្មាននរណាអាណិតអាសូរអ្នក គ្មាននរណាសម្រាលទុក្ខអ្នកសោះ។ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ព្រះរបស់អ្នកគំរាមកំហែងពួកគេ។ ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ ចូរស្ដាប់ចុះ! អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ! ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
អេសាយ 51:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹកពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ ឯងបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសំរាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ សេចក្ដីទាំង២មុខនេះ បានធ្លាក់មកលើឯងហើយ គឺសេចក្ដីរឹបជាន់នឹងសេចក្ដីបំផ្លាញ តើអ្នកឯណានឹងសោកស្តាយនឹងឯង ក៏មានសេចក្ដីអំណត់ នឹងដាវផង ធ្វើដូចម្តេចឲ្យអញកំសាន្តចិត្តឯងបាន ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។ ដូច្នេះឯងដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ចូរស្តាប់សេចក្ដីនេះឥឡូវ ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានបន្ទូលដូច្នេះថា មើល អញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ អញនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខឯងវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងឯងថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើ ហើយឯងបានដេកទៅ ឲ្យខ្នងឯងបានរាបដូចជាដី សំរាប់ជាថ្នល់ឲ្យគេដើរលើ។