អេសាយ 50:1-2
អេសាយ 50:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
អេសាយ 50:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ! ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
អេសាយ 50:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ