អេសាយ 5:1-30
អេសាយ 5:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសម្លាញ់របស់ខ្ញុំ គឺជាបទចម្រៀង ច្រៀងពីស្ងួនសម្លាញ់ខ្ញុំ អំពីចម្ការទំពាំងបាយជូររបស់ទ្រង់ថា ស្ងួនសម្លាញ់ខ្ញុំមានចម្ការទំពាំងបាយជូរ នៅលើភ្នំ ដែលមានជីជាតិ។ ទ្រង់ក៏កាប់គាស់ដី ហើយរើសយកដុំថ្មចេញ រួចទ្រង់ដាំទំពាំងបាយជូរយ៉ាងល្អបំផុត ក៏សង់ប៉មមួយនៅចំកណ្ដាល ហើយធ្វើធុងឃ្នាបគាបផ្លែផង ក្រោយនោះ ទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរ កើតផល តែបានកើតផលក្លាយជា ទំពាំងបាយជូរព្រៃទៅវិញ។ ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងរបស់ខ្ញុំ និងចម្ការទំពាំងបាយជូរនេះ។ តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការ ទំពាំងបាយជូររបស់យើង ដែលយើងលះបង់មិនបានធ្វើនោះ ដូច្នេះ កាលយើងប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ? ឥឡូវនេះ យើងនឹងប្រាប់អ្នករាល់គ្នាឲ្យដឹងថា យើងនឹងធ្វើអ្វីដល់ចម្ការទំពាំងបាយជូរ របស់យើងនោះ គឺយើងនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ យើងនឹងរំលំកំផែងចេញ នោះចម្ការនឹងត្រូវជាន់ឈ្លីទៅ។ យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ ពីព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ ព្រះនេត្ររបស់ព្រះអង្គ ហើយព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល៍! បានតែការកម្ចាយឈាម ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែបានសម្រែកគ្រលួចវិញ។ វេទនាហើយ ពួកអ្នកដែលយកផ្ទះគេ មកភ្ជាប់ធ្វើជាផ្ទះរបស់ខ្លួន ហើយប្រមូលស្រែចម្ការតៗគ្នា ឥតមានចន្លោះណាសោះ នោះបណ្ដាលឲ្យអ្នករាល់គ្នា រស់នៅតែឯងក្នុងស្រុកនោះ។ ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា៖ ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អ ឥតមានអ្នកណានៅឡើយ។ ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។ វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។ ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។ ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។ ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរីកធំឡើង ព្រមទាំងហាមាត់យ៉ាងធំហួសប្រមាណ ឯពួកអភិជន និងបណ្ដាជនច្រើនកុះករ ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយ ក្នុងក្រុងយេរូសាឡិម នឹងចុះទៅស្ថាននោះ។ មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់។ តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។ នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។ វេទនាដល់ពួកអ្នកដែលអូសទាញអំពើទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ ជាពួកអ្នកដែលថា ចូរឲ្យព្រះអង្គប្រញាប់ឡើង ឲ្យព្រះអង្គបង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។ វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ វេទនាដល់ពួកអ្នកដែលរាប់ខ្លួន ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់ នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិត របស់មនុស្សសុចរិតចេញ។ ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។ ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។ ព្រះអង្គនឹងលើកទង់ជ័យសម្រាប់ពួកសាសន៍ ដែលនៅទីឆ្ងាយ ហើយហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់។ ឥតមានអ្នកណាមួយអស់កម្លាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ។ ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច។ សូរសន្ធឹករបស់ពួកនោះ នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃ នឹងងងឹតសូន្យទៅដែរ។
អេសាយ 5:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំ ជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំ និងចម្ការទំពាំងបាយជូររបស់គាត់។ មិត្តសម្លាញ់របស់ខ្ញុំមាន ចម្ការទំពាំងបាយជូរមួយ នៅលើជម្រាលភ្នំដែលមានជីជាតិល្អ គាត់បានកាប់គាស់ដី រើសដុំថ្មចេញ ហើយដាំទំពាំងបាយជូរពូជល្អបំផុត។ គាត់បានសង់ខ្ទម និងជីកកន្លែងបញ្ជាន់ផ្លែ នៅកណ្ដាលចម្ការនោះ គាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះ បែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។ មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖ អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។ ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ នេះហើយ តើនៅខ្វះអ្វីទៀត? ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ ផ្លែមិនល្អទៅវិញដូច្នេះ? ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។ ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។ ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែល ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់ គឺប្រជាជនយូដា។ ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែព្រះអង្គបែរឮស្នូរសម្រែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។ អស់អ្នកដែលរឹបអូសយកផ្ទះគេ មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង ក៏ត្រូវវេទនាដែរ! ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង លែងមានដីទៀត ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់ តែពួកគេប៉ុណ្ណោះ។ ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ ផ្ទះដ៏ស្កឹមស្កៃទាំងនេះ នឹងគ្មានមនុស្សនៅទៀតទេ។ ចម្ការទំពាំងបាយជូរបីហិកតា នឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រ ស្រូវពូជដែលព្រោះទៅមួយរយគីឡូ បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។ អស់អ្នកដែលក្រោកឡើងពីព្រលឹម ស្វែងរកស្រាខ្លាំង ហើយគិតតែផឹករហូតដល់អធ្រាត្រ មុខជាត្រូវវេទនាពុំខាន! ពួកគេគិតតែពីផឹកស្រាសប្បាយ ដោយមានសំឡេងពិណ និងចាប៉ី ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា ព្រះអង្គកំពុងសម្រេចការអ្វីទេ។ ហេតុនេះហើយបានជាខ្មាំងនឹងកៀរ ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ ដ្បិតពួកគេមិនយល់អ្វីទាំងអស់។ អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។ ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច នៅក្រុងយេរូសាឡឹម។ មនុស្សលោកនឹងត្រូវអាប់ឱន គេនឹងដួលផ្កាប់មុខដល់ដី មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្តែង ភាពថ្កុំថ្កើងរបស់ព្រះអង្គ ដោយវិនិច្ឆ័យទោសពួកគេ ព្រះដ៏វិសុទ្ធនឹងសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ ដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។ ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក ដូចនៅតាមវាលស្មៅ ហើយពពែដែលគេបំប៉ន ក៏មកស៊ីស្មៅនៅតាមនោះដែរ។ អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប ដូចគោខំប្រឹងទាញរទេះ មុខជាត្រូវវេទនាពុំខាន ព្រោះគេនឹងទទួលទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។ ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញ កិច្ចការរបស់ព្រះអង្គឲ្យឆាប់ៗទៅ ដើម្បីឲ្យយើងបានឃើញផង! សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ៗ ដើម្បីឲ្យយើងបានស្គាល់ផង!»។ អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ ហៅអំពើល្អថាអាក្រក់ ចាត់ទុកភាពងងឹតថាជាពន្លឺ ចាត់ទុកពន្លឺថាជាភាពងងឹត ហើយចាត់ទុកការជូរចត់ថាជាការសប្បាយ ចាត់ទុកការសប្បាយថាជាការជូរចត់ មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលពូកែខាងផឹកស្រា ហើយជាជើងឯកខាងបិតស្រាខ្លាំង មុខជាត្រូវវេទនាពុំខាន! ពួកគេទទួលសំណូក ហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោស និងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។ ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។ ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។ ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ព្រះអង្គធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់ គ្មាននរណាម្នាក់បាក់កម្លាំង ហើយក៏គ្មាននរណាម្នាក់ងោកងុយ ឬដេកលង់លក់ដែរ។ គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ ឬស្រាយខ្សែស្បែកជើងសោះឡើយ។ ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច ធ្នូរបស់គេនៅត្រៀមជាស្រេច ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។ សម្រែករបស់គេប្រៀបបាននឹងសម្រែកសត្វសិង្ហ គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ ឲ្យរួចបានឡើយ។ ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ បក់បោកមកលើប្រជាជាតិនេះ។ ពេលក្រឡេកមើលស្រុកនោះ គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតវិញ។
អេសាយ 5:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសំឡាញ់របស់ខ្ញុំ គឺជាបទចំរៀង ច្រៀងពីស្ងួនសំឡាញ់ខ្ញុំ ខាងឯចំការទំពាំងបាយជូររបស់ទ្រង់ថា- ស្ងួនសំឡាញ់ខ្ញុំ ទ្រង់មានចំការទំពាំងបាយជូរនៅលើភ្នំ ដែលមានជីជាតិ ទ្រង់ក៏កាប់គាស់ដី ហើយរើសយកដុំថ្មចេញ រួចទ្រង់ដាំទំពាំងបាយជូរយ៉ាងល្អបំផុត ក៏សង់ប៉ម១នៅជាកណ្តាល ហើយធ្វើធុងឃ្នាបគាបផ្លែផង ក្រោយនោះ ទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរនោះកើតផល តែបានកើតផលក្លាយជាទំពាំងបាយជូរព្រៃវិញ។ ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម នឹងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចំការទំពាំងបាយជូររបស់អញនេះចុះ តើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ ដូច្នេះ កាលអញប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ ឥឡូវនេះ អញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជាអញនឹងធ្វើអ្វីដល់ចំការទំពាំងបាយជូររបស់អញនោះ គឺអញនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ អញនឹងរំលំកំផែងចេញ នោះចំការនឹងត្រូវជាន់ឈ្លីទៅ អញនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយអញនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចំការនោះតទៅ ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។ វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចំការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ ដ្បិតចំការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។ វេទនាដល់ពួកអ្នក ដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ នឹងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។ ហេតុនោះបានជារាស្ត្ររបស់អញ បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្តាជនណែនណាន់ក៏ខះកដោយស្រេកទឹក ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់ជាធំហួសប្រមាណ ឯពួករុងរឿងឧត្តម ពួកណែនណាន់តាន់តាប់ ពួកអ៊ឹកធឹក នឹងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេ ក៏ចុះទៅឯស្ថាននោះ មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់ តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានដំកើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្ដីសុចរិតវិញ នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។ វេទនាដល់ពួកអ្នក ដែលអូសទាញសេចក្ដីទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ ជាពួកអ្នកដែលថា ចូរឲ្យទ្រង់ប្រញាប់ឡើង ឲ្យទ្រង់បង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។ វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់នឹងផឹកស្រាទំពាំងបាយជូរ នឹងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ។ ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។ ទ្រង់នឹងលើកទង់ជ័យសំរាប់ពួកសាសន៍ដែលនៅទីឆ្ងាយ ហើយនឹងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់ ឥតមានអ្នកណាមួយអស់កំឡាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះ នោះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ អើ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត នឹងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ។