អេសាយ 49:13-16
អេសាយ 49:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។ តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាបានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់បានភ្លេចខ្ញុំហើយ។ តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
អេសាយ 49:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនា។ ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។ តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។
អេសាយ 49:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចំរៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង។ តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច