អេសាយ 49:1-7

អេសាយ 49:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ព្រះ‌អង្គបាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់ នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង គឺ​អ៊ីស្រា‌អែល ដែល​យើង​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​អ្នក។ តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ព្រះ​យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ព្រះ‌អង្គ​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​មូល​មក​ឯ​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ព្រះ‌អង្គ​ជា​កម្លាំង​ខ្ញុំ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​ទាំង‌ឡាយ​ដែល​មិន​អើ​ពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា បណ្ដា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ​បង្គំ ព្រោះ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​បាន​រើស​អ្នក។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ការពារ​ខ្ញុំ។ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ៊ីស្រា‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង តាម​រយៈ​អ្នក។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ព្រះអង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ណែ‌នាំ​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះអង្គ និង​ប្រមូល ប្រជា‌ជន​អ៊ីស្រា‌អែល​មក​នៅ​ជុំ‌វិញ​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ចាត់​ទុក​ខ្ញុំ ថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរ ហើយ​ព្រះ​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ សម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ និង​ជា​ព្រះ​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក ដែល​គេ​មើល‌ងាយ និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ជ្រើស​រើស​អ្នក។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម្នាល​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ‌ហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ គឺ​អ៊ីស្រាអែល ដែល​អញ​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​ឯង តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កំឡាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែសេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ អើ ទ្រង់​មាន​បន្ទូល​ថា ការ​ដែល​ឯង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បំរុង​ទុក​ក្នុង​សាសន៍​អ៊ីស្រាអែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច‌តួច​ពេក​ដល់​ឯង អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​គេ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ដល់​អ្នក​នោះ ដែល​មនុស្ស​ទាំង‌ឡាយ​មិន​អើ‌ពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បំរើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា បណ្តា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​រើស​ឯង។

ចែក​រំលែក
អាន អេសាយ 49