អេសាយ 49:1-26
អេសាយ 49:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក ព្រះអង្គបានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ព្រះអង្គបានលាក់ខ្ញុំនៅក្រោមម្លប់ នៃព្រះហស្តរបស់ព្រះអង្គ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែល ដែលយើងនឹងបានសិរីល្អដោយសារអ្នក។ តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។ ឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបម្រើព្រះអង្គ សម្រាប់នឹងនាំពួកយ៉ាកុបមកឯព្រះអង្គវិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯព្រះអង្គ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំព្រះអង្គជាកម្លាំងខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តយើង នោះយើងបានឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ដើម្បីតាំងស្រុកទេសឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមត៌ក។ ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរបង្ហាញខ្លួនមក គេនឹងមានអាហារស៊ីតាមផ្លូវ ហើយគេនឹងរកស៊ីនៅលើកំពូលភ្នំទាំងប៉ុន្មាន គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។ យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង។ មើល៍! ពួកនេះនឹងមកពីទីឆ្ងាយ ហើយមើល៍! ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយមួយនេះមកពីស្រុកស៊ីយេន ។ ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។ តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាបានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់បានភ្លេចខ្ញុំហើយ។ តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច ពួកអ្នកសង់អ្នកឡើងនឹងប្រញាប់ប្រញាល់ធ្វើ ពួកបំផ្លាញ និងពួកបង្ហិនបង្ហោចអ្នក គេនឹងចាកចេញទៅ។ ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះមូលគ្នាចូលមករកអ្នក ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងស្បថនឹងជីវិតយើងថា ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។ ដ្បិតទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកអ្នកដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបអ្នក គេនឹងនៅឆ្ងាយពីអ្នកហើយ។ ពួកកូនចៅអ្នកដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់អ្នក គេនឹងនិយាយដាក់ត្រចៀកអ្នកថា ទីនេះចង្អៀតណាស់ សូមទុកឲ្យខ្ញុំមានកន្លែងអាស្រ័យនៅផង។ ពេលនោះ អ្នកនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ? ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ ខ្ញុំនៅម្នាក់ឯង ជាអ្នកដែលត្រូវបំបរបង់ ហើយដើរសាត់ព្រាត់ តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះមកពីណា? ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងបោយដៃហៅអស់ទាំងសាសន៍ ហើយនឹងលើកទង់ជ័យយើងឡើង សម្រាប់ប្រជាជាតិទាំងឡាយ គេនឹងបីយកកូនប្រុសៗរបស់អ្នកមក ហើយដាក់កូនស្រីៗរបស់អ្នកនៅលើស្មាគេ។ ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។ តើអាចនឹងរឹបយករំពាពីអ្នកខ្លាំងពូកែ ឬរំដោះពួកឈ្លើយពីជនកំណាចបានឬ? តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។ យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
អេសាយ 49:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្នាលអ្នកកោះទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ! ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំ តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។ ព្រះអង្គបានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវ ព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។ ព្រះអង្គធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ៊ីស្រាអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។ រីឯខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតអំពើ ខ្ញុំខាតកម្លាំងជាអសារបង់ ហើយគ្មានបានការអ្វីឡើយ។ ប៉ុន្តែ តាមពិត ព្រះអម្ចាស់នៅតែរកយុត្តិធម៌ឲ្យខ្ញុំ ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ព្រះអង្គបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ ឲ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីណែនាំកូនចៅលោកយ៉ាកុប ឲ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូល ប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។ ហេតុនេះហើយបានជាព្រះអម្ចាស់ចាត់ទុកខ្ញុំ ថាជាមនុស្សថ្លៃថ្នូរ ហើយព្រះនៃខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់លោកយ៉ាកុបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានជ្រើសរើសអ្នក។ ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅគ្រាដែលយើងគាប់ចិត្ត យើងបានឆ្លើយតបមកអ្នក ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នក។ យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេ ដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។ យើងនឹងស្ដារស្រុកទេសឡើងវិញ យើងចែកដីដែលគេបានបោះបង់ចោល ឲ្យប្រជាជន ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!” រួចប្រាប់អស់អ្នកនៅទីងងឹតថា “ចូរបង្ហាញខ្លួនមក!” ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារ តាមវាលស្មៅ នៅលើកំពូលភ្នំ។ ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតព្រះដែលមានព្រះហឫទ័យ មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។ យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង សម្រាប់ប្រជាជនរបស់យើង។ មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។ ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនា។ ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។ តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។ ប្រជាជនដែលនឹងសង់អ្នកឡើងវិញ កំពុងតែរូតរះធ្វើដំណើរមក រីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។ ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។ ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ មុខជាមានប្រជាជនមករស់នៅកកកុញ ឥតសល់កន្លែងទំនេរឡើយ រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។ អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ តែឥឡូវនេះ អ្នកបែរជាឮកូនៗនិយាយថា “ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ ទុកកន្លែងឲ្យខ្ញុំនៅផង!”។ ពេលនោះ អ្នកនឹងរិះគិតថា តើនរណាបានបង្កើតកូនចៅឲ្យខ្ញុំ ដ្បិតពីមុន ខ្ញុំបាត់បង់កូនអស់ហើយ ខ្ញុំពុំអាចបង្កើតកូនបានទៀតឡើយ។ ខ្ញុំត្រូវគេជន្លៀសឲ្យទៅនៅដាច់ឡែក ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំនៅឯកោតែម្នាក់ឯង ចុះអ្នកទាំងនេះមកពីណា? ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា នាំត្រឡប់មកវិញ។ គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍ ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់ អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ តើនរណាអាចដណ្ដើមយកមកវិញបាន? រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ តើនរណាអាចរំដោះបាន? ព្រះអម្ចាស់មានព្រះបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។ យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
អេសាយ 49:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាលកោះទាំងឡាយអើយ ចូរស្តាប់អញចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់បានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ទ្រង់បានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក ទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់ ទ្រង់បានមានបន្ទូលមកខ្ញុំថា ឯងជាអ្នកបំរើរបស់អញ គឺអ៊ីស្រាអែល ដែលអញនឹងបានសិរីល្អដោយសារឯង តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កំឡាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែសេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។ ឥឡូវនេះ ទ្រង់មានបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ា ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបំរើទ្រង់ សំរាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកំឡាំងនៃខ្ញុំ អើ ទ្រង់មានបន្ទូលថា ការដែលឯងធ្វើជាអ្នកបំរើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបំរុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធនៃគេ ទ្រង់មានបន្ទូលដូច្នេះដល់អ្នកនោះ ដែលមនុស្សទាំងឡាយមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបំរើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្តាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ដោយព្រោះព្រះយេហូវ៉ា ទ្រង់ជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានរើសឯង។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបំរុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទី ដែលចោលស្ងាត់ ទុកជាមរដក ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរសំដែងខ្លួនចេញមកចុះ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់អញ នឹងបានលើកឡើង មើល ពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង នឹងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចំរៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង។ តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច ពួកកូនចៅរបស់ឯងនឹងប្រញាប់ឡើង ពួកដែលបំផ្លាញឯង ហើយពួកដែលរំលាងឯង គេនឹងចេញពីឯងទៅ ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេមូលគ្នាចូលមកឯឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងជីវិតអញថា ប្រាកដជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួន ដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ ដ្បិតឯទីកន្លែងដែលរំលាង ហើយចោលស្ងាត់ នឹងស្រុកឯងដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបឯង គេនឹងនៅឆ្ងាយពីឯងហើយ ពួកកូនចៅឯងដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់ឯង គេនឹងនិយាយដាក់ត្រចៀកឯងថា ទីនេះចង្អៀតដល់យើងខ្ញុំណាស់ សូមឲ្យមានទីអាស្រ័យនៅផង នោះឯងនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យអញ ដ្បិតអញបានបាត់កូនចៅអញអស់ទៅ ហើយអញក៏នៅឯកឯងដូច្នេះ គឺជាអ្នកដែលត្រូវបំបរបង់ ហើយដើររសាត់ព្រាត់ផង តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ មើល អញបានត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះបាននៅឯណា។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងបោយដៃហៅអស់ទាំងសាសន៍ ហើយនឹងលើកទង់ជ័យអញឡើងសំរាប់ប្រជាជាតិទាំងឡាយ រួចគេនឹងបីយកកូនប្រុសៗរបស់ឯងមក ហើយនឹងបញ្ជិះកូនស្រីៗរបស់ឯងនៅលើស្មាគេ ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។ តើនឹងឆក់យករបឹបពីអ្នកខ្លាំងពូកែ ឬដោះពួកឈ្លើយ ដែលចាប់មកតាមច្បាប់ចេញបានឬទេ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាចនឹងបានដោះចេញផង ដ្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។