អេសាយ 49:1-13

អេសាយ 49:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ព្រះ‌អង្គបាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់ នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង គឺ​អ៊ីស្រា‌អែល ដែល​យើង​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​អ្នក។ តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ព្រះ​យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ព្រះ‌អង្គ​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​មូល​មក​ឯ​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ព្រះ‌អង្គ​ជា​កម្លាំង​ខ្ញុំ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​ទាំង‌ឡាយ​ដែល​មិន​អើ​ពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា បណ្ដា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ​បង្គំ ព្រោះ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​បាន​រើស​អ្នក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្តយើង នោះ​យើង​បាន​ឆ្លើយ​ដល់​អ្នក ហើយ​នៅ​ថ្ងៃ​សម្រាប់​សង្គ្រោះ យើង​បាន​ជួយ​អ្នក យើង​រក្សា​អ្នក ហើយ​ប្រទាន​និមិត្ត​រូប​មួយ​ដល់​អ្នក ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​‌ជន ដើម្បី​តាំង​ស្រុក​ទេស​ឡើង ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ ទុក​ជា​មត៌ក។ ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​បង្ហាញខ្លួន​មក គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​គេ​នឹង​រក​ស៊ី​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ ព្រះ‌អង្គ​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។ យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង។ មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ព្រោះ​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​ដែល​ត្រូវ​រង​ទុក្ខ​វេទនា។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ការពារ​ខ្ញុំ។ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ៊ីស្រា‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង តាម​រយៈ​អ្នក។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ព្រះអង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ណែ‌នាំ​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះអង្គ និង​ប្រមូល ប្រជា‌ជន​អ៊ីស្រា‌អែល​មក​នៅ​ជុំ‌វិញ​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ចាត់​ទុក​ខ្ញុំ ថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរ ហើយ​ព្រះ​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ សម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ និង​ជា​ព្រះ​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក ដែល​គេ​មើល‌ងាយ និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ជ្រើស​រើស​អ្នក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!” រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា “ចូរ​បង្ហាញ​ខ្លួន​មក!” ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្ត ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ និង​ស្វែង​រក​អាហារ តាម​វាល​ស្មៅ នៅ​លើ​កំពូល​ភ្នំ។ ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។ យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង សម្រាប់​ប្រជា‌ជន​របស់​យើង។ មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។ ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ ដែល​រង​ទុក្ខ​វេទនា។

ចែក​រំលែក
អាន អេសាយ 49

អេសាយ 49:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម្នាល​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ‌ហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ គឺ​អ៊ីស្រាអែល ដែល​អញ​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​ឯង តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កំឡាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែសេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។ ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ អើ ទ្រង់​មាន​បន្ទូល​ថា ការ​ដែល​ឯង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បំរុង​ទុក​ក្នុង​សាសន៍​អ៊ីស្រាអែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច‌តួច​ពេក​ដល់​ឯង អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​គេ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ដល់​អ្នក​នោះ ដែល​មនុស្ស​ទាំង‌ឡាយ​មិន​អើ‌ពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បំរើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា បណ្តា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​រើស​ឯង។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្ត​អញ នោះ​អញ​បាន​ឆ្លើយ​ដល់​ឯង ហើយ​នៅ​ថ្ងៃ​សំរាប់​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង អញ​នឹង​ទំនុក​បំរុង​ឯង ហើយ​តាំង​ឯង​ឡើង​ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តាជន ប្រយោជន៍​នឹង​រៀបចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី ដែល​ចោល​ស្ងាត់ ទុក​ជា​មរដក ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​សំដែង​ខ្លួន​ចេញ​មក​ចុះ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រក​ស៊ី​ដល់​គេ គេ​នឹង​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ទ្រង់​នឹង​នាំ​គេ​ទៅ អើ ទ្រង់​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង មើល ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង នឹង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។

ចែក​រំលែក
អាន អេសាយ 49