អេសាយ 48:4-11

អេសាយ 48:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស ហើយ​មាន​ក​រឹង​ដូច​ជា​ចម្រឹង​ដែក ឯ​ថ្ងាស​អ្នក​ក៏​ជា​លង្ហិន ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។ អ្នក​បាន​ឮ​ហើយ ចូរ​ពិចារ‌ណា​ការ​ទាំង​នេះ​ចុះ តើ​អ្នក​នឹង​មិន​ព្រម​ថ្លែង​ប្រាប់ទេ​ឬ? ពីពេល​នេះ​ទៅ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​អ្នក​មិន​បាន​ស្គាល់។ ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ អ្នក​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​អ្នក​និយាយ​ថា មើល៍ ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ។ អ្នក​មិន​បាន​ឮ​សោះ មិន​បាន​ដឹងទេ តាំង​ពី​បុរាណ​មក ត្រចៀក​អ្នក​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​អ្នក​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក។ ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។ មើល៍ យើង​បាន​បន្សុទ្ធ​អ្នក តែ​មិន​ដូច​បន្សុទ្ធ​ប្រាក់​ទេ យើង​បាន​លត់​ដំ​អ្នក នៅ​ក្នុងគុក​ភ្លើង​នៃ​សេចក្ដី​វេទនា។ យើង​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ខ្លួន​យើង ដ្បិត​តើ​ត្រូវ​ឲ្យ​គេ​ប្រមាថ​ឈ្មោះ​យើងឬ? សិរី‌ល្អ​របស់​យើង យើង​មិន​ឲ្យ​ទៅ​ព្រះ​ដទៃ​ណា​ផ្សេង​ឡើយ។

ចែក​រំលែក
អាន អេសាយ 48

អេសាយ 48:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។ អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។ ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា “ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។ អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់ យើង​បាន​ទប់​កំហឹង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។ យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់ យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត ទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។

ចែក​រំលែក
អាន អេសាយ 48

អេសាយ 48:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​អញ​បាន​ដឹង​ថា ឯង​ជា​មនុស្ស​រឹង‌ចចេស ហើយ​មាន​ក​ដូច​ជា​ចំរ៉ឹង​ដែក ឯ​ថ្ងាស​ឯង​ក៏​ជា​លង្ហិន ហេតុ​នោះ​បាន​ជា​អញ​ថ្លែង​ប្រាប់​សេចក្ដី​នោះ​ដល់​ឯង​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​ឯង​ដឹង​មុន​ដែល​ការ​នោះ​កើត​មក​ផង ក្រែង​ឯង​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​ឯង​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ នឹង​រូប​សិត​របស់​ឯង ដែល​បង្គាប់​ការ​នោះ​ឡើង ឯង​បាន​ឮ​ហើយ ចូរ​ពិចារណា​ការ​ទាំង​នេះ​ចុះ ឯ​ឯង តើ​មិន​ព្រម​ថ្លែង​ប្រាប់​ដែរ​ឬ ឥឡូវ​នេះ អញ​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​ឯង​មិន​បាន​ស្គាល់​ផង ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក ប៉ុន្តែ អញ​នឹង​ផ្អាក​សេចក្ដី​កំហឹង​ដោយ​យល់​ដល់​ឈ្មោះ​អញ នឹង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​អញ នោះ​អញ​នឹង​ឈប់​លែង​ដំណើរ​ឯង ក្រែង​អញ​កាត់​ឯង​ចេញ​ទៅ មើល អញ​បាន​សំរង​ឯង តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​អញ​បាន​រើស​ឯង​នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា​វិញ អញ​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ខ្លួន​អញ​ហើយ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ឈ្មោះ​អញ​ត្រូវ​បង្អាប់​បាន ឯ​សិរី‌ល្អ​របស់​អញៗ​មិន​ព្រម​លើក​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ។

ចែក​រំលែក
អាន អេសាយ 48