អេសាយ 48:1-6
អេសាយ 48:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្តាប់សេចក្ដីនេះចុះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹក របស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយចិត្តស្មោះ ឬដោយសុចរិតទេ។ ដ្បិតគេហៅខ្លួនគេថាជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គព្រះនាមថា ព្រះយេហូវ៉ានៃពួកពលបរិវារ។ ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះយើងបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ សេចក្ដីនោះបានចេញពីមាត់យើងទៅ ហើយយើងបានសម្ដែងច្បាស់ យើងបានធ្វើការទាំងនោះភ្លាមមួយរំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ។ ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស ហើយមានករឹងដូចជាចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន ហេតុនោះបានជាយើងថ្លែងប្រាប់សេចក្ដីនោះ ដល់អ្នកតាំងពីបុរាណ ហើយបានបង្ហាញឲ្យអ្នកដឹងមុនដែលការនោះកើតមក ក្រែងអ្នកនិយាយថា គឺជារូបព្រះរបស់អ្នកដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់អ្នក ដែលបង្គាប់ការនោះឡើង។ អ្នកបានឮហើយ ចូរពិចារណាការទាំងនេះចុះ តើអ្នកនឹងមិនព្រមថ្លែងប្រាប់ទេឬ? ពីពេលនេះទៅ យើងបានបង្ហាញឲ្យអ្នកឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលអ្នកមិនបានស្គាល់។
អេសាយ 48:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់ ជនជាតិអ៊ីស្រាអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។ អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ ហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជនជាតិ អ៊ីស្រាអែល ដែលមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី ព្រឹត្តិការណ៍ដើមដំបូងនោះ តាំងពីយូរលង់ណាស់មកហើយ យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ ឲ្យអ្នករាល់គ្នាដឹងឮ យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច ចេញជារូបរាងឡើងមួយរំពេចដែរ។ យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ យើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់ ដើម្បីកុំឲ្យអ្នកពោលថា “គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ គឺរូបព្រះ ឬរូបដែលខ្ញុំសិត បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។ អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន ហើយក៏ឃើញថាកើតមានដូច្នោះមែន តើអ្នកមិនទទួលស្គាល់ទេឬ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីព្រឹត្តិការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
អេសាយ 48:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ (ពីព្រោះគេហៅខ្លួនជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះនាមទ្រង់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ) ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះអញបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ អើ សេចក្ដីនោះបានចេញពីមាត់អញទៅ ហើយអញបានសំដែងច្បាស់ ឯការទាំងនោះ អញបានធ្វើភ្លាម១រំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន ហេតុនោះបានជាអញថ្លែងប្រាប់សេចក្ដីនោះដល់ឯងតាំងពីបុរាណ ហើយបានបង្ហាញឲ្យឯងដឹងមុនដែលការនោះកើតមកផង ក្រែងឯងនិយាយថា គឺជារូបព្រះរបស់ឯងដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ នឹងរូបសិតរបស់ឯង ដែលបង្គាប់ការនោះឡើង ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង