អេសាយ 47:1-15

អេសាយ 47:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់ ហើយ​ទន់​ភ្លន់​ទៀតហើយ។ ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ដោះ​ស្បៃ​អ្នក​ចេញ ហើយ​បក​សម្លៀក​បំពាក់​អ្នក​ចុះ ចូរ​សើយ​សំពត់​អ្នក​ឡើង ហើយ​ដើរ​កាត់​ទន្លេ​ទៅ។ កាយ​អាក្រាត​របស់​អ្នក​នឹង​ត្រូវ​បើក​ចំហ គេ​នឹង​ឃើញ​កេរ‌ខ្មាស​របស់អ្នក យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។ ឯ​ព្រះ​ដែល​ប្រោស​លោះ​យើង ព្រះ‌អង្គ​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​អ្នក​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត។ យើង​បាន​ក្រោធ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​ឲ្យ​មត៌ក​យើង​ត្រូវ​ទាប​ចុះ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ឯ​អ្នក​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ អ្នក​បាន​ដាក់​នឹម​អ្នក​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់។ អ្នក​ពោល​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ ហេតុ​នោះ​បាន​ជា​អ្នក​មិន​បាន យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។ ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ អ្នក​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ អ្នក​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ យើង​នឹង​មិនក្លាយ​ជា​ស្ត្រី​មេម៉ាយ ក៏​មិន​ដែល​បាត់​បង់​កូន​ឡើយ តែ​សេចក្ដី​ទាំង​ពីរ​មុខ​នេះ​នឹង​កើត​ដល់​អ្នក​ជា‌មួយ​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​បាត់​បង់​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង ការ​នោះ​នឹង​កើត​ដល់​អ្នក​ពេញ​ទី ទោះ​បើ​អ្នក​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ។ ពី​ព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​អ្នក អ្នក​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​អ្នក​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​អ្នក បាន​បង្ខូច​ចិត្ត​អ្នក​ហើយ អ្នក​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ។ ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។ ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។ អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។ មើល៍ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ដូច​ជា​ភ្លើង​ឆេះ​គេ គេ​មិន​អាច​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​នោះ​បានឡើយ ភ្លើង​នោះ​មិន​មែន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​អាំងសាច់ ឬ​ជា​ភ្លើង​ដែល​អង្គុយ​កម្ដៅ​ខ្លួន​ជុំ‌វិញ​នោះ​ទេ។ របស់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា‌មួយ​អ្នក​តាំង​តែ​ពី​ក្មេង​មក គេ​នឹង​ងេង‌ងោង​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយ​គ្មាន​អ្នក​ណា​សម្រាប់​ជួយ​សង្គ្រោះ​អ្នក​ឡើយ។

ចែក​រំលែក
អាន អេសាយ 47

អេសាយ 47:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ! ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។ ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ! មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​អ្នក គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក យើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នក ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។ ព្រះ​ដែល​លោះ​យើង​មាន​ព្រះ‌នាម​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល» ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។ ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រ ដែល​ជា​កេរ‌មត៌ក​របស់​យើង ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។ អ្នក​ពោល​ថា “យើង​ជា​ម្ចាស់​គ្រប់‌គ្រង​ជា​អង្វែង​ត​រៀង​ទៅ” អ្នក​ពុំ​បាន​រិះគិត​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ ឲ្យ​ដិត​ដល់​ទេ គឺ​អ្នក​ពុំ​បាន​ចង​ចាំ​ថា​ព្រឹត្តិ‌ការណ៍​នេះ នឹង​មាន​ទី​បញ្ចប់​ឡើយ។ ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌​សប្បាយ គិត​តែ​ពី​អួត​ក្អេង‌ក្អាង​អើយ អ្នក​តែង​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ អញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ អញ​នឹង​មិន​បាត់​បង់​កូន​ចៅ​ជា​ដាច់​ខាត!”។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ចូរ​ស្ដាប់! ទុក្ខ​វេទនា​ទាំង​ពីរ​នេះ​នឹង​កើត​មាន​ដល់​អ្នក យ៉ាង​ទាន់‌ហន់ គឺ​ក្នុង​ថ្ងៃ​តែ​មួយ អ្នក​នឹង​បាត់​បង់​កូន​ចៅ ហើយ​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ។ ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក គេច​មិន​ផុត​ឡើយ ទោះ​បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថា ការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួន ហើយ​អ្នក​តែងតែ​ពោល​ថា “គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!” ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យ អ្នក​បែរ​ទៅ​ជា​វង្វេង អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។ ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក អ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយ មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​អ្នក​ការពារ​ខ្លួន​ពុំ​បាន​ឡើយ ការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់‌ហន់។ ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើន ដែល​អ្នក​ខិត‌ខំ រៀន​តាំង​ពី​ក្មេង​នោះ បន្ត​ទៀត​ទៅ! ប្រហែល​ជា​អ្នក​អាច​ទាញ​យក​ផល​ប្រយោជន៍ ប្រហែល​ជា​អ្នក​អាច​ដេញ​ចង្រៃ​ឧប‌ទ្រព​បាន! ទោះ​បី​មាន​គ្រូ​ហោរ​ជា​ច្រើន​ជួយ​គំនិត​អ្នក​ក្ដី ក៏​អ្នក​នៅ​តែ​ឥត​បាន​ការ​ដែរ អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយ ហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែ អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន។ ចូរ​ឲ្យ​ពួក​គេ​មក​សង្គ្រោះ​អ្នក​ទៅ! ប៉ុន្តែ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ចំបើង ដែល​ត្រូវ​ភ្លើង​ឆាប‌ឆេះ គេ​មិន​អាច​ដក​ខ្លួន ឲ្យ​រួច​ផុត​ពី​អណ្ដាត​ភ្លើង​បាន​ឡើយ ដ្បិត​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើង សម្រាប់​ចម្អិន​អាហារ ឬ​សម្រាប់​អាំង​កម្ដៅ​ខ្លួន​នោះ​ឡើយ។ ពួក​គ្រូ​ហោរ​ដែល​អ្នក​ខំ​ប្រឹង​ទៅ​រក ឲ្យ​ជួយ​មើល តាំង​ពី​ក្មេង​រៀង​មក​នោះ នឹង​ត្រូវ​វេទនា​បែប​នេះ​ឯង គឺ​ពួក​គេ​នឹង​ត្រូវ​វង្វេង​ខ្ចាត់​ព្រាត់​រៀងៗ​ខ្លួន គ្មាន​នរណា​អាច​សង្គ្រោះ​អ្នក​បាន​ឡើយ!។

ចែក​រំលែក
អាន អេសាយ 47

អេសាយ 47:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ីឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ថា ជា​អ្នក​ល្វន់‌ល្វត ហើយ​ទន់‌ភ្លន់​ទៀត ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ឲ្យ​ដោះ​ស្បៃ​ឯង​ចេញ ហើយ​បក​សំលៀក​ឯង​ចុះ ចូរ​សើយ​សំពត់​ឯង​ឡើង​លុយ​កាត់​ទន្លេ​ទៅ កាយ​អាក្រាត​របស់​ឯង​នឹង​ត្រូវ​បើក​ចំហ អើ គេ​នឹង​ឃើញ​កេរ‌ខ្មាស​ឯង​ផង អញ​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ ឯ​ព្រះ​ដែល​ប្រោស​លោះ​យើង ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​ឯង​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត អញ​បាន​ក្រោធ​ចំពោះ​រាស្ត្រ​របស់​អញ ក៏​បាន​ឲ្យ​មរដក​អញ​ត្រូវ​ទាប​ចុះ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ឯង ឯ​ឯង​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ ឯង​បាន​ដាក់​នឹម​ឯង​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់ ហើយ​បាន​គិត​ថា ឯង​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ បាន​ជា​ឯង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។ ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ ឯង​ដែល​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ អញ​នឹង​មិន​ដែល​អង្គុយ​ជា​ស្រី​មេម៉ាយ ក៏​មិន​ដែល​ស្គាល់​ការ​ប្រាស‌ចាក​កូន​ឡើយ តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ ពី​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​ឯង ឯង​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​ឯង​ទេ ឯ​ប្រាជ្ញា នឹង​ចំណេះ​របស់​ឯង នោះ​បាន​បង្ខូច​ចិត្ត​ឯង​ហើយ ឯង​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។ ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត នឹង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម​តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន ឯង​បាន​ណាយ​ចិត្ត​ហើយ ដោយ​សេចក្ដី​ប្រឹក្សា​ដ៏​បរិបូរ​របស់​ឯង ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី នឹង​ពួក​គ្រូ​ទាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​ឯង​ចុះ មើល គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ភ្លើង​នឹង​ឆេះ​គេ​អស់​ទៅ គេ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​មិន​បាន ភ្លើង​នោះ​នឹង​មិន​បាន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​នឹង​អាំង​កំដៅ​ខ្លួន ឬ​ជា​ភ្លើង​ដែល​នឹង​អង្គុយ​ជុំវិញ​ប៉ុណ្ណោះ​ទេ របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ​ឯង ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា​មួយ​នឹង​ឯង​តាំង​តែ​ពី​ក្មេង​មក គេ​នឹង​ងេង‌ងោង​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយ​នឹង​គ្មាន​អ្នក​ណា​សំរាប់​ជួយ​សង្គ្រោះ​ឯង​ឡើយ។

ចែក​រំលែក
អាន អេសាយ 47