អេសាយ 46:8-13
អេសាយ 46:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរនឹកចាំពីសេចក្ដីនេះ ហើយពិចារណាចុះ ពួកអ្នកប្រព្រឹត្តអំពើរំលងអើយ ចូរនឹកចាំពីសេចក្ដីនេះនៅក្នុងចិត្តអ្នកចុះ។ ចូរនឹកចាំពីការដែលកន្លងទៅ តាំងពីបុរាណ ដ្បិតយើងនេះហើយជាព្រះ ឥតមានព្រះណាទៀតឡើយ យើងជាព្រះ ហើយគ្មានអ្នកណាដូចជាយើងសោះ តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់ ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។ យើងបានហៅឥន្ទ្រីមួយមកពីទិសខាងកើត ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើង ឲ្យមកពីស្រុកឆ្ងាយ យើងបានចេញវាចាហើយ យើងនឹងធ្វើឲ្យការនោះកើតឡើង យើងបានគិតស្រេចហើយ យើងនឹងធ្វើការនោះ។ ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយ ពីសេចក្ដីសុចរិតអើយ ចូរស្តាប់យើងចុះ យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់យើងក៏មិនបង្អង់ដែរ យើងនឹងតាំងសេចក្ដីសង្គ្រោះរបស់យើងនៅក្រុងស៊ីយ៉ូន សម្រាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់យើង។
អេសាយ 46:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ ចូរនឹកចាំអំពីការនេះ ចូរភ្ញាក់រឭក ហើយរិះគិតពិចារណាឡើង។ ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាទៀតទេ យើងជាព្រះជាម្ចាស់ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។ យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ យើងប្រាប់ទុកជាមុនតាំងពីយូរលង់ នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ យើងពោលថា គម្រោងការរបស់យើង មុខជាបានសម្រេចមិនខាន យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។ យើងហៅសត្វត្មាតមួយពីទិសខាងកើត គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម គម្រោងការរបស់យើង។ អ្វីដែលយើងនិយាយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។ មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពី សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង! យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រាអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។
អេសាយ 46:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។ ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្តាប់អញចុះ អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សំរាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់អញ។