អេសាយ 46:1-4
អេសាយ 46:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។ វាឱនចុះ ក៏កោងចុះហើយ វាមិនអាចដោះបន្ទុករបស់វាបានផង គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។ ឱពួកវង្សយ៉ាកុបអើយ ចូរស្តាប់យើងចុះ គឺសំណល់នៃវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលយើងបានថែរក្សាអ្នករាល់គ្នាតាំងពីកំណើត ហើយបានបីបាច់តាំងពីផ្ទៃម្តាយមក ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
អេសាយ 46:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។ អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល ដែលនៅសេសសល់ កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។ យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
អេសាយ 46:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ នឹងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់ វាឱនចុះ ក៏កោងចុះហើយ វាជួយបន្ទុករបស់វាឲ្យរួចពុំបាន គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។ ឱពួកវង្សារបស់យ៉ាកុបអើយ នឹងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់អញចុះ គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង