អេសាយ 46:1-13

អេសាយ 46:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់។ វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​មិន​អាច​ដោះ​បន្ទុក​របស់​វា​បានផង គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​សំណល់​នៃ​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ថែរក្សា​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត ហើយ​បាន​បីបាច់​តាំង​ពី​ផ្ទៃ​ម្តាយមក ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​យើង​ដូច​ជា​អ្នក​ណា ហើយផ្ទឹម​យើង​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​យើង​ឲ្យ​បាន​ដូច​ជា​អ្នក​ណា? ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​ឲ្យ​គេ រួចគេ​ក្រាប​ចុះ ថ្វាយ​បង្គំ​ចំពោះ​រូប​នោះ។ គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ ក៏​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។ ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​ពិចារណា​ចុះ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ។ ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ តាំង​ពី​បុរាណ ដ្បិត​យើង​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ យើង​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​ជា​យើង​សោះ តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។ យើង​បាន​ហៅ​ឥន្ទ្រី​មួយ​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើង ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ យើង​បាន​ចេញ​វាចា​ហើយ យើង​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង យើង​បាន​គិត​ស្រេច​ហើយ យើង​នឹង​ធ្វើ​ការ​នោះ។ ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​យើង​ចុះ យើង​នាំ​សេចក្ដី​សុចរិត​របស់​យើង​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​យើង​ក៏​មិន​បង្អង់​ដែរ យើង​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​យើង​នៅ​ក្រុង​ស៊ីយ៉ូន សម្រាប់​ពួក​អ៊ីស្រា‌អែល ដែល​ជា​សិរី‌ល្អ​របស់​យើង។

ចែក​រំលែក
អាន អេសាយ 46

អេសាយ 46:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ​បាល​បរា‌ជ័យ​ហើយ ព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ គេ​ដឹក​រូប​ព្រះ​ទាំង​នោះ ដោយ​ដាក់​នៅ​លើ​សត្វ​តិរច្ឆាន ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​នឿយ‌ហត់ ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។ ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។ អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។ យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង​ទៅ​ព្រះ​ណា អ្នក​រាល់​គ្នា​យក​ព្រះ​ណា​មក​ផ្ទឹម​ស្មើ​នឹង​យើង? តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ដូច​ព្រះ​ណា? មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន ពួក​គេ​ថ្លឹង​ប្រាក់ ហើយ​ជួល​ជាង​មាស​ឲ្យ​សិត​ធ្វើ​រូប​ព្រះ រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​រូប​នោះ។ ពួក​គេ​លើក​រូប​ព្រះ​នោះ​សែង​យក​ទៅ​តម្កល់ នៅ​កន្លែង​របស់​វា រូប​ព្រះ​នោះ​មិន​កម្រើក​ទៅ​ណា​ឡើយ! ទោះ​បី​ពួក​គេ​ស្រែក​អង្វរ​យ៉ាង​ណា ក៏​រូប​ព្រះ​នោះ​មិន​ឆ្លើយ ហើយ​ក៏​មិន​សង្គ្រោះ ពួក​គេ​ឲ្យ​រួច​ពី​ភាព​អាសន្ន​ដែរ! អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​នឹក​ចាំ​អំពី​ការ​នេះ ចូរ​ភ្ញាក់​រឭក ហើយ​រិះគិត​ពិចារណា​ឡើង។ ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ទេ យើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។ យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។ យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សម្រេច​តាម គម្រោង‌ការ​របស់​យើង។ អ្វី​ដែល​យើង​និយាយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។ មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពី សេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង! យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។

ចែក​រំលែក
អាន អេសាយ 46

អេសាយ 46:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ នឹង​លើ​គោ របស់​ទាំង​នោះ​ដែល​ឯង​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ‌ហត់ វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។ ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ នឹង​អ្នក​រាល់​គ្នា​ជា​សំណល់​នៃ​វង្សា​អ៊ីស្រាអែល​ដែរ ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំង​ពី​កំណើត​ឯង ហើយ​បាន​បី​ឯង​តាំង​ពី​ផ្ទៃ​ម្តាយ​មក ចូរ​ស្តាប់​អញ​ចុះ គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់‌ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង តើ​ឯង​រាល់​គ្នា​នឹង​ធៀប​អញ​ដូច​ជា​អ្នក​ណា នឹង​ផ្ទឹម​អញ​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​អញ​ឲ្យ​បាន​ដូច​ជា​អ្នក​ណា ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​១​ឲ្យ​គេ រួច​គេ​ទំលាក់​ខ្លួន​ក្រាប​ចុះ ថ្វាយ‌បង្គំ​ចំពោះ​រូប​នោះ គេ​លី​យក​រូប​នោះ​ទៅ​ដំកល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ អើ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ គង់​តែ​មិន​ចេះ​តប​ឆ្លើយ ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​ទៅ​បាន​ឡើយ។ ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​សំដែង​ខ្លួន​ជា​បុរស​ចុះ ម្នាល​ពួក​សៃយ​សាសន៍​អើយ ចូរ​នឹក​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​ឯង​ឡើង​វិញ ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ​ហើយ តាំង​ពី​បុរាណ ដ្បិត​អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សំរេច​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ អញ​បាន​ហៅ​ឥន្ទ្រី​១​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សំរេច​តាម​គំនិត​របស់​អញ ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ អើ អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សំរេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង។ ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​អញ​ចុះ អញ​នាំ​សេចក្ដី​សុចរិត​របស់​អញ​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​អញ​ក៏​មិន​បង្អង់​ដែរ អញ​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​អញ​នៅ​ក្រុង​ស៊ីយ៉ូន សំរាប់​ពួក​អ៊ីស្រាអែល ដែល​ជា​សិរី‌ល្អ​របស់​អញ។

ចែក​រំលែក
អាន អេសាយ 46