អេសាយ 45:9-13

អេសាយ 45:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ? វេទនា​ដល់​អ្នក​ណា​ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ? ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សម្រាល​អ្វី​មក​យ៉ាង​នេះ?»។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​សួរ​យើង​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​នៅ​ពេល​ខាង​មុខចុះ តើ​អ្នក​នឹង​បង្គាប់​យើង​ពី​ដំណើរ​ពួក​កូន​របស់​យើង និង​ពី​កិច្ច‌ការ​ដែល​ដៃ​របស់​យើង​ធ្វើ​ឬ? យើង​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។ យើង​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត យើង​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​យើង​ឡើង ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​យើង​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ! អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ? យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើង តាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ដេច​នោះ។ ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​ឲ្យ​ប្រជា‌ជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ ដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ ឬ​អី វេទនា​ដល់​អ្នក​ណា ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សំរាល​អ្វី​មក​យ៉ាង​នេះ។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង អញ​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ អញ​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​អញ​ឡើង ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​អញ​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ទទួល​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន អេសាយ 45