អេសាយ 45:5-12

អេសាយ 45:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។ គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា‌មួយ​គ្នា យើង​នេះហើយ​ជា​យេហូវ៉ា ដែល​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។ វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ? វេទនា​ដល់​អ្នក​ណា​ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ? ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សម្រាល​អ្វី​មក​យ៉ាង​នេះ?»។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​សួរ​យើង​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​នៅ​ពេល​ខាង​មុខចុះ តើ​អ្នក​នឹង​បង្គាប់​យើង​ពី​ដំណើរ​ពួក​កូន​របស់​យើង និង​ពី​កិច្ច‌ការ​ដែល​ដៃ​របស់​យើង​ធ្វើ​ឬ? យើង​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី ក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​ឫទ្ធិ​អំណាច ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។ ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​សន្សើម ចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​ភ្លៀង ចូរ​ឲ្យ​ផែនដី​បើក​ចំហ ដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើង និង​ឲ្យ​សេចក្ដី​សុចរិត ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​អ្នក​នោះ​មក»។ អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ! អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ? យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។ វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ ឬ​អី វេទនា​ដល់​អ្នក​ណា ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សំរាល​អ្វី​មក​យ៉ាង​នេះ។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង អញ​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ

ចែក​រំលែក
អាន អេសាយ 45