អេសាយ 45:14-25
អេសាយ 45:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។ ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។ ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវបាក់មុខ ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា។ តែព្រះយេហូវ៉ានឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច អ្នករាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។ យើងមិនបានពោលដោយសម្ងាត់ ក្នុងទីងងឹតនៅផែនដីទេ យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។ ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។ ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។ មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។ យើងបានស្បថដោយខ្លួនយើង ពាក្យនោះបានចេញពីមាត់យើង ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថពីដំណើរយើង។ សេចក្ដីសុចរិត និងអានុភាព មាននៅក្នុងព្រះយេហូវ៉ាតែមួយទេ មនុស្សទាំងឡាយនឹងមករកព្រះអង្គ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងព្រះអង្គ គេនឹងត្រូវខ្មាសវិញ។ ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយមានគេសរសើរ។
អេសាយ 45:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។ ឱព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលជាព្រះសង្គ្រោះអើយ មនុស្សលោកពិបាករកឃើញព្រះអង្គណាស់! អស់អ្នកដែលសូនធ្វើរូបបដិមា ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ព្រះអង្គសង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។ យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។ អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។ ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។ យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះ ក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។ អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយ ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នករាល់គ្នា ដ្បិតយើងជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។ អ្វីៗដែលយើងនិយាយចេញមក សុទ្ធតែជាពាក្យសច្ចៈ មិនអាចប្រែក្រឡាស់បានឡើយ។ យើងសុំប្រកាសយ៉ាងឱឡារិក ក្នុងនាមយើងផ្ទាល់ថា មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹងគោរពបម្រើយើងដោយស្មោះ។ គេនឹងពោលថា មានតែព្រះអម្ចាស់មួយព្រះអង្គទេ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងមានព្រះចេស្ដា។ រីឯអស់អ្នកដែលបានប្រឆាំងព្រះអង្គ នឹងមករកព្រះអង្គទាំងអាម៉ាស់។ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងបានសុចរិត ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
អេសាយ 45:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា តែព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឯងរាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ អញមិនបានពោលដោយសំងាត់ ក្នុងទីងងឹតនៅផែនដីទេ អញមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកអញដោយពោលជាឥតប្រយោជន៍នោះទេ គឺអញ ព្រះយេហូវ៉ានេះ អញនិយាយតាមសុចរិត អញថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ។ ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ ចូរថ្លែងប្រាប់ ហើយសំដែងហេតុចេញចុះ ត្រូវឲ្យប្រឹក្សាគ្នាផង តើអ្នកណាបានប្រាប់ពីការនេះ ចាប់តាំងពីចាស់បុរាណមក តើអ្នកណាបានទាយទុក តាំងពីយូរមកហើយ តើមិនមែនអញ ជាយេហូវ៉ា ទេឬអី ក្រៅពីអញ គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីអញឡើយ អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថា គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា សេចក្ដីសុចរិត នឹងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយគេនឹងអួតសរសើរ។