អេសាយ 45:14-17
អេសាយ 45:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។ ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។ ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវបាក់មុខ ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា។ តែព្រះយេហូវ៉ានឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច អ្នករាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
អេសាយ 45:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។ ឱព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលជាព្រះសង្គ្រោះអើយ មនុស្សលោកពិបាករកឃើញព្រះអង្គណាស់! អស់អ្នកដែលសូនធ្វើរូបបដិមា ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ព្រះអង្គសង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
អេសាយ 45:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា តែព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឯងរាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។