អេសាយ 45:1-7
អេសាយ 45:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។ គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង យើងនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។ យើងបានហៅអ្នកតាមឈ្មោះអ្នកនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបម្រើយើង និងអ៊ីស្រាអែល ជាអ្នកដែលយើងបានជ្រើសរើស យើងបានកំណត់នាមត្រកូលដល់អ្នកហើយ ទោះបើអ្នកមិនបានស្គាល់យើងក៏ដោយ។ យើងនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីយើងឥតមានព្រះណាទៀតសោះ យើងនឹងក្រវាត់ឲ្យអ្នក ទោះបើអ្នកមិនស្គាល់យើងក៏ដោយ។ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា ក្រៅពីយើងគ្មានព្រះណាផ្សេងទៀតឡើយ គឺយើងនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។ គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
អេសាយ 45:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលទៅ ស្ដេចស៊ីរូស ដែលព្រះអង្គបាន ចាក់ប្រេងអភិសេកនោះថា៖ «យើងកាន់ដៃស្ដាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នក ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក រហូតតរៀងទៅ។ យើងនឹងដើរនៅមុខអ្នក យើងនឹងពង្រាបកន្លែងរដិបរដុបឲ្យរាបស្មើ យើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយ ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។ យើងនឹងប្រគល់មាសប្រាក់ ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នក ព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែល គេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។ ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។ យើងហៅអ្នកចំឈ្មោះ ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឲ្យអ្នក ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ព្រោះយើងអាណិតកូនចៅរបស់យ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជនជាតិអ៊ីស្រាអែលដែលយើងបានជ្រើសរើស។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្ដី ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។ យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាព្រះអម្ចាស់ ដែលប្រព្រឹត្តការទាំងនេះ។
អេសាយ 45:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយនឹងបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ គឺមានបន្ទូលដូច្នេះថា អញនឹងដើរទៅខាងមុខឯង ហើយនឹងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងបំបាត់រនុកដែកដែរ អញនឹងឲ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ នឹងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។