អេសាយ 44:9-20
អេសាយ 44:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គឺសុទ្ធតែឥតប្រយោជន៍ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា។ ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវខ្មាស។ តើអ្នកណាសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ? មើល៍ ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាងគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។ ជាងដែកធ្វើពូថៅមួយ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កម្លាំង គាត់មិនបានផឹកទឹក ហើយក៏ហេវ។ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលម្អរបស់មនុស្ស ដើម្បីតាំងនៅក្នុងផ្ទះ។ គាត់កាប់ដើមតាត្រៅ ក៏យកដើមចន្ទន៍ ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង។ ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។ ឯឈើដែលសល់ គាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះ ដោយពាក្យថា "សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ"។ ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេក៏មិនឲ្យយល់បាន។ គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹកថា ខ្លះបានយកទៅដុតហើយខ្លះប្រើយករងើកដុតធ្វើនំបុ័ង យើងបានអាំងសាច់ស៊ីផង។ ឈើដែលនៅសល់ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ? តើគួរឲ្យយើងក្រាបចុះចំពោះដុំឈើឬទេ? អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំនោះឡើយ។
អេសាយ 44:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។ អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា ដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះ ពិតជាមនុស្សល្ងីល្ងើមែន! រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ នឹងត្រូវអាម៉ាស់ ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ ទុកឲ្យពួកគេប្រមូលគ្នា ឲ្យគេជួបជុំគ្នាទៅ ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។ ជាងដែកយកលោហធាតុមកដុត ដំនឹងញញួរធ្វើជារូប។ អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់ ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង បើគេមិនផឹកទឹក គេមុខជានឿយហត់។ ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាកមកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។ គេកាប់ដើមឈើដ៏ធំៗ គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គេដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។ មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ សម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចម្អែតក្រពះ ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។ រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងទូលអង្វរថា “សូមរំដោះទូលបង្គំផង! ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។ អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។ គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណា រួចពោលថា “ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។ គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
អេសាយ 44:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស តើអ្នកណានឹងសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ មើល ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាង នោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។ ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកំឡាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កំឡាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ គាត់កាប់ដើមតាត្រៅ១ ក៏យកដើមចន្ទន៍ ក្រឹស្នា នឹងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត អើ គាត់កំដៅខ្លួនដែរ ដោយពោលថា អៃយ៉ា ក្តៅស្រួលហ្ន៎ ខ្ញុំអាំងភ្លើងហើយ ឯឈើដែលសល់ នោះគាត់យកទៅធ្វើជារូបឆ្លាក់សំរាប់ខ្លួន ក៏ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះដោយពាក្យថា សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ។ ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេផង ដើម្បីមិនឲ្យយល់បាន គ្មានអ្នកណាមួយនឹកឃើញ គេឥតមានដំរិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផង ដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំទេតើ នោះឡើយ។