អេសាយ 44:6-8
អេសាយ 44:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាដើម ហើយជាចុង ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។ តើមានអ្នកណាដូចយើង? ចូរឲ្យគេប្រកាសខ្លួនមក។ ចូរឲ្យគេប្រកាស ហើយបង្ហាញភស្តុតាងនៅមុខយើងមក។ តើអ្នកណាបានប្រកាសតាំងតែពីដើម ពីអ្វីៗដែលត្រូវកើតឡើង? ចូរឲ្យគេរៀបរាប់ប្រាប់យើង ពីហេតុការណ៍ដែលនឹងត្រូវកើតទៅមុខទៀត ជាយ៉ាងណាចុះ។ កុំភ័យឡើយ ក៏កុំខ្លាចដែរ តើយើងមិនបានប្រាប់ ហើយបង្ហាញដល់អ្នកតាំងតែពីដើមមកទេឬ? គឺអ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង តើមានព្រះណាក្រៅពីយើងឬទេ? គ្មានថ្មដាណាផ្សេងទៀតឡើយ យើងមិនស្គាល់មួយសោះ។
អេសាយ 44:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែល គឺព្រះអម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។ តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក! គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន តាំងពីអស់កល្បរៀងមក ព្រមទាំងរៀបរាប់អំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។ កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានព្រះណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។
អេសាយ 44:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ តើមានអ្នកណាដូចអញ ចូរឲ្យគេប្រកាសខ្លួនមក ហើយសំដែងភស្តុតាងឲ្យច្បាស់ចុះ រួចរាប់រៀបប្រាប់ឲ្យអញស្តាប់ពីអ្វីៗដែលបានកើតឡើង តាំងតែពីអញបានតាំងមនុស្សឡើង ពីកាលដើមព្រមទាំងអ្វីៗដែលកំពុងតែកើត នឹងអ្វីៗដែលត្រូវកើតមកទៅមុខទៀត ចូរឲ្យគេប្រាប់មកចុះ កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។