អេសាយ 44:24-28
អេសាយ 44:24-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង យើងលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូថ្លែងទំនាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ យើងបញ្ជាក់ពាក្យសម្ដីដែលនិយាយនឹងអ្នកបម្រើយើង ហើយសម្រេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលយើងបានថ្លែងពីក្រុងយេរូសាឡិមថា "ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ" និងអស់ទាំងទីក្រុងនៃស្រុកយូដាថា "ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ យើងនឹងលើកអស់ទាំងទីបាក់បែកនោះឡើង"។ យើងក៏បង្គាប់ដល់ទីជម្រៅថា "ចូរឲ្យរីងស្ងួតទៅ" ហើយយើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានរីងហួតទៅដែរ។ យើងនិយាយពីស៊ីរូសថា ជាគង្វាលរបស់យើង ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តយើងទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
អេសាយ 44:24-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ដែលបានលោះអ្នក គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ: “យើងជាព្រះអម្ចាស់ដែលបានបង្កើត អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ យើងធ្វើឲ្យទំនាយរបស់គ្រូហោរ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេ ក្លាយទៅជាការលេលាទៅវិញ។ យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។ យើងបង្គាប់មហាសាគរឲ្យរីងស្ងួត ហើយធ្វើឲ្យទន្លេរីង។ យើងនិយាយអំពីស្ដេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងព្រះវិហារឡើងវិញ”។
អេសាយ 44:24-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ អញលើកទីសំគាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូទាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើអញនិយាយពីក្រុងយេរូសាឡិមថា ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ ហើយនិយាយពីអស់ទាំងទីក្រុងនៃស្រុកយូដាថា ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ អញនឹងលើកអស់ទាំងទីបាក់បែកនោះឡើង អញក៏បង្គាប់ដល់ទីជំរៅថា ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ អញនិយាយពីស៊ីរូសថាជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសំរេចតាមបំណងចិត្តអញទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។