អេសាយ 43:8-13

អេសាយ 43:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក និង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា ដែល​អាច​នឹង​ថ្លែងទំនាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សម្ដែងឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​នោះ? ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក​បង្ហាញ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឮ ហើយ​និយាយ​ថា នេះ​ជា​ការ​ពិត​មែន»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់យើង ព្រម​ទាំង​យល់​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​យើង​ទេ ហើយ​នៅ​ក្រោយ​យើង​ក៏​គ្មាន​ដែរ។ គឺយើង​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន?

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។ ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ? តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង? ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​ព្រះ‌ជាម្ចាស់។ នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។ មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ មាន​តែ​យើង​ទេ ដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង និង​សង្គ្រោះ​អ្នក​រាល់​គ្នា រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង ហើយ​យើង​ជា​ព្រះ‌ជាម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក នឹង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ទាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សំដែង ឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​ហើយ​នោះ ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក ដើម្បី​តាំង​ខ្លួន​ជា​ត្រឹម‌ត្រូវ បើ​មិន​ដូច្នោះ​ទេ នោះ​ត្រូវ​ថា នេះ​ពិត​មែន​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ អញ​បាន​ទាយ​ប្រាប់ អញ​បាន​ជួយ​សង្គ្រោះ អញ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អើ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​អញ​បាន​ទេ ឯ​ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន។

ចែក​រំលែក
អាន អេសាយ 43