អេសាយ 43:22-24
អេសាយ 43:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែ ឱពួកយ៉ាកុបអើយ អ្នកមិនបានអំពាវនាវរកយើងទេ ឱអ៊ីស្រាអែលអើយ អ្នកបានណាយចិត្តនឹងយើងហើយ។ អ្នកមិនបាននាំយកចៀមរបស់អ្នក មកថ្វាយជាតង្វាយដុតដល់យើង ក៏មិនបានលើកមុខយើង ដោយយញ្ញបូជារបស់អ្នកដែរ យើងមិនបានបង្ខំអ្នកដោយព្រោះតង្វាយ ឬឲ្យអ្នកនឿយហត់ដោយដុតកំញានឡើយ។ អ្នកមិនបានចំណាយប្រាក់ទិញ គ្រឿងក្រអូបណាឲ្យយើងសោះ ក៏មិនបានឲ្យយើងឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់អ្នកដែរ គឺអ្នកបានផ្ទុកអំពើបាបរបស់អ្នកឲ្យយើង ហើយបាននាំឲ្យយើងនឿយហត់ ដោយអំពើទុច្ចរិតរបស់អ្នក។
អេសាយ 43:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។ អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។ អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។
អេសាយ 43:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះបើយ៉ាងនោះ ឱពួកយ៉ាកុបអើយ គង់តែឯងមិនបានអំពាវនាវដល់អញដែរ គឺឯងបានណាយចិត្តនឹងអញវិញ ឱអ៊ីស្រាអែលអើយ ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាដង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយដង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។