អេសាយ 43:14-24
អេសាយ 43:14-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។ ពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់យើង គឺទាំងចចក និងសត្វអូទ្រុសផង ពីព្រោះយើងឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យប្រជារាស្ត្រយើង ជាពួកជ្រើសរើសនោះបានទឹកផឹក ជាប្រជារាស្ត្រដែលយើងបានជបសូនសម្រាប់តែខ្លួនយើង ដើម្បីឲ្យគេបានសម្ដែងចេញ ជាសេចក្ដីសរសើររបស់យើងផង។ តែ ឱពួកយ៉ាកុបអើយ អ្នកមិនបានអំពាវនាវរកយើងទេ ឱអ៊ីស្រាអែលអើយ អ្នកបានណាយចិត្តនឹងយើងហើយ។ អ្នកមិនបាននាំយកចៀមរបស់អ្នក មកថ្វាយជាតង្វាយដុតដល់យើង ក៏មិនបានលើកមុខយើង ដោយយញ្ញបូជារបស់អ្នកដែរ យើងមិនបានបង្ខំអ្នកដោយព្រោះតង្វាយ ឬឲ្យអ្នកនឿយហត់ដោយដុតកំញានឡើយ។ អ្នកមិនបានចំណាយប្រាក់ទិញ គ្រឿងក្រអូបណាឲ្យយើងសោះ ក៏មិនបានឲ្យយើងឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់អ្នកដែរ គឺអ្នកបានផ្ទុកអំពើបាបរបស់អ្នកឲ្យយើង ហើយបាននាំឲ្យយើងនឿយហត់ ដោយអំពើទុច្ចរិតរបស់អ្នក។
អេសាយ 43:14-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។ យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា យើងជាព្រះមហាក្សត្រដែលបាន បង្កើតអ្នករាល់គ្នា។ ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ ព្រះអង្គដែលបានប្រមូលកងទ័ព មានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ព្រះអង្គមានព្រះបន្ទូលថា: កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន នៅគ្រាដើមដំបូងនោះធ្វើអ្វី កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន នៅបុរាណកាលដែរ។ បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។ សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។ ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។ អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។ អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។
អេសាយ 43:14-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯងរាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ដោយយល់ដល់ឯងរាល់គ្នា នោះអញចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទំលាក់គេទាំងអស់គ្នា គេនឹងរត់រតាត់រតាយទៅ ឯពួកខាល់ដេ ក៏ចុះនាវាដែលគេយកជាទីសប្បាយរបស់គេ អញនេះ គឺយេហូវ៉ា អញជាព្រះដ៏បរិសុទ្ធនៃឯងរាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់ឯងរាល់គ្នាផង ព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លូវក្នុងសមុទ្រ នឹងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចំបាំង នឹងពលសេះចេញមក ព្រមទាំងកងទ័ព នឹងមនុស្សស្ទាត់ជំនាញផង (ពួកទាំងនោះនឹងដេកទៅទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ) ទ្រង់មានបន្ទូលថា កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់ ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក នឹងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន នឹងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។ ទោះបើយ៉ាងនោះ ឱពួកយ៉ាកុបអើយ គង់តែឯងមិនបានអំពាវនាវដល់អញដែរ គឺឯងបានណាយចិត្តនឹងអញវិញ ឱអ៊ីស្រាអែលអើយ ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាដង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយដង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។