អេសាយ 43:11-28

អេសាយ 43:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺយើង​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន? ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។ យើង​នេះ គឺ​យេហូវ៉ា យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា។ ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​កុំ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ពី​ដើម​នោះ មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។ តែ ឱ​ពួក​យ៉ាកុប​អើយ អ្នក​មិន​បាន​អំពាវ‌នាវរក​យើង​ទេ ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ណាយ​ចិត្ត​នឹង​យើងហើយ។ អ្នក​មិន​បាន​នាំ​យក​ចៀម​របស់​អ្នក មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​យើង ក៏​មិន​បាន​លើក​មុខយើង ដោយ​យញ្ញ‌បូជា​របស់​អ្នក​ដែរ យើង​មិន​បាន​បង្ខំ​អ្នក​ដោយ​ព្រោះ​តង្វាយ ឬ​ឲ្យ​អ្នក​នឿយ​ហត់​ដោយ​ដុត​កំញានឡើយ។ អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ គ្រឿង​ក្រអូប​ណា​ឲ្យ​យើង​សោះ ក៏មិន​បាន​ឲ្យ​យើង​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​អ្នក​ដែរ គឺ​អ្នក​បាន​ផ្ទុក​អំពើ​បាប​របស់​អ្នកឲ្យយើង ហើយ​បាន​នាំ​ឲ្យ​យើង​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​អ្នក។ គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។ ចូរ​រំឭក​យើង ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រៀប​រាប់‌ប្រាប់​ពី​ហេតុ​ផល​របស់​អ្នក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​សុចរិត។ ឯ​ឪពុក​ដើម​របស់​អ្នក​បាន​ធ្វើ​បាប ហើយ​ពួក​គ្រូ​អ្នក​បាន​រំលង​ច្បាប់​យើង​ដែរ។ ហេតុ​នោះ យើង​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្ដាសា និង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះ‌ដៀល»។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ មាន​តែ​យើង​ទេ ដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង និង​សង្គ្រោះ​អ្នក​រាល់​គ្នា រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង ហើយ​យើង​ជា​ព្រះ‌ជាម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។ ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នា គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​យល់​ដល់​អ្នក​រាល់​គ្នា យើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូន ដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ ពេល​នោះ ជន‌ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយ ដោយ​ជិះ​សំពៅ ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បាន បង្កើត​អ្នក​រាល់​គ្នា។ ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ ព្រះអង្គ​ដែល​បាន​ប្រមូល​កង‌ទ័ព មាន​រទេះ​ចម្បាំង កង‌ពល​សេះ ព្រម​ទាំង​ទាហាន​ដ៏​អង់‌អាច ព្រះអង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ក្រោក​ពុំ​រួច គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន នៅ​បុរាណ​កាល​ដែរ។ បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។ សត្វ​ព្រៃ​ទាំង‌ឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក ក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។ ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។ អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នក នឿយ‌ហត់​ដុត​ធូប​ដែរ។ អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។ ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។ ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស! យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ពួក​តំណាង​របស់​អ្នក ក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ទាប‌បន្ថោក មេ​ដឹក​នាំ​ព្រះ‌វិហារ យើង​ឲ្យ​គេ​បំផ្លាញ​កូន​ចៅ​យ៉ាកុប យើង​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ ប្រជា‌ជន​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ អញ​បាន​ទាយ​ប្រាប់ អញ​បាន​ជួយ​សង្គ្រោះ អញ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អើ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​អញ​បាន​ទេ ឯ​ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ទំលាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាត់‌រតាយ​ទៅ ឯ​ពួក​ខាល់ដេ ក៏​ចុះ​នាវា​ដែល​គេ​យក​ជា​ទី​សប្បាយ​របស់​គេ អញ​នេះ គឺ​យេហូវ៉ា អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ឯង​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រាអែល ហើយ​ជា​មហា‌ក្សត្រ​របស់​ឯង​រាល់​គ្នា​ផង ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ នឹង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ ជា​ព្រះ​ដែល​នាំ​រទេះ​ចំបាំង នឹង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព នឹង​មនុស្ស​ស្ទាត់​ជំនាញ​ផង (ពួក​ទាំង​នោះ​នឹង​ដេក​ទៅ​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ) ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោ‌ស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ឯ​ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​អញ គឺ​ទាំង​ចចក នឹង​សត្វ​អូសទ្រីច​ផង ពី​ព្រោះ​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន នឹង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក ជា​រាស្ត្រ​ដែល​អញ​បាន​ជប‌សូន​សំរាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សំដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង។ ទោះ​បើ​យ៉ាង​នោះ ឱ​ពួក​យ៉ាកុប​អើយ គង់​តែ​ឯង​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដែរ គឺ​ឯង​បាន​ណាយ​ចិត្ត​នឹង​អញ​វិញ ឱ​អ៊ីស្រាអែល​អើយ ឯង​មិន​បាន​នាំ​យក​ចៀម​របស់​ឯង មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​អញ​ទេ ក៏​មិន​បាន​លើក​មុខ​អញ ដោយ​យញ្ញ‌បូជា​របស់​ឯង​ដែរ អញ​មិន​បាន​ផ្ទុក​ឯង​ដោយ​ដង្វាយ ឬ​ឲ្យ​ឯង​នឿយ‌ហត់​ដោយ​ដុត​កំញាន​ទេ ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ‌ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ ចូរ​រំឭក​អញ​ចុះ ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រាប់‌រៀប​ប្រាប់​ពី​ហេតុ​របស់​ឯង​មក ដើម្បី​ឲ្យ​ឯង​បាន​តាំង​ឡើង​ជា​សុចរិត ឯ​ឪពុក​ដើម​របស់​ឯង បាន​ធ្វើ​បាប ហើយ​ពួក​គ្រូ​ឯង​បាន​រំលង​ច្បាប់​អញ​ដែរ ហេតុ​នោះ អញ​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្តាសា ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​ត្មះ‌តិះដៀល។

ចែក​រំលែក
អាន អេសាយ 43