អេសាយ 43:11-19
អេសាយ 43:11-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន? ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
អេសាយ 43:11-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានតែយើងទេជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាព្រះជាម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។ ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។ យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា យើងជាព្រះមហាក្សត្រដែលបាន បង្កើតអ្នករាល់គ្នា។ ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ ព្រះអង្គដែលបានប្រមូលកងទ័ព មានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ព្រះអង្គមានព្រះបន្ទូលថា: កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន នៅគ្រាដើមដំបូងនោះធ្វើអ្វី កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន នៅបុរាណកាលដែរ។ បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
អេសាយ 43:11-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសំដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះ ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯងរាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ដោយយល់ដល់ឯងរាល់គ្នា នោះអញចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទំលាក់គេទាំងអស់គ្នា គេនឹងរត់រតាត់រតាយទៅ ឯពួកខាល់ដេ ក៏ចុះនាវាដែលគេយកជាទីសប្បាយរបស់គេ អញនេះ គឺយេហូវ៉ា អញជាព្រះដ៏បរិសុទ្ធនៃឯងរាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់ឯងរាល់គ្នាផង ព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លូវក្នុងសមុទ្រ នឹងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចំបាំង នឹងពលសេះចេញមក ព្រមទាំងកងទ័ព នឹងមនុស្សស្ទាត់ជំនាញផង (ពួកទាំងនោះនឹងដេកទៅទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ) ទ្រង់មានបន្ទូលថា កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់