អេសាយ 43:10-13
អេសាយ 43:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន?
អេសាយ 43:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។ មានតែយើងទេជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាព្រះជាម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
អេសាយ 43:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសំដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះ ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។