អេសាយ 42:14-21

អេសាយ 42:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ យើង​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ យើង​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សម្រាល​កូន យើង​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទម្លាយ​ចេញ​តែ​ម្តង។ យើង​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ក្លាយ​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក។ យើង​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​មួយ​ដែល​គេ​មិន​ស្គាល់ យើង​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​យើង​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ។ ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា "លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ" នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។ ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ។ តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បម្រើ​របស់​យើង ឬ​ថ្លង់​ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​យើង​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​យើង ហើយ​ខ្វាក់​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា? អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។ ព្រះ‌យេហូវ៉ាបាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​លើក​តម្កើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិ‌សព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សម្ងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន! យើង​នឹង​កម្ទេច​ទាំង​ភ្នំ​ធំ ទាំង​ភ្នំ​តូច យើង​នឹង​ធ្វើ​ឲ្យ​រុក្ខ‌ជាតិ​ក្រៀម​ស្វិត យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក ហើយ​ឲ្យ​បឹង‌បួ​រីង​ហួត‌ហែង។ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប ប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។ រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែងក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។ មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង! មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែក ហើយ​មើល​ឃើញ​ទៅ! តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើង តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​ឲ្យ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់? អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។ ដោយ​ព្រះ‌អម្ចាស់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ ព្រះអង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ អញ​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ អញ​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន អញ​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទំលាយ​ចេញ​តែ​ម្តង អញ​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំនឹង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក​ទៅ អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។ ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បំរើ​របស់​អញ ឬ​ថ្លង់ ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​អញ​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​អញ ហើយ​ខ្វាក់​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់

ចែក​រំលែក
អាន អេសាយ 42