អេសាយ 42:13-17
អេសាយ 42:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលសេចក្ដីឧស្សាហ៍ឡើង ដូចជាមនុស្សថ្នឹកចម្បាំង ព្រះអង្គនឹងស្រែកឡើង ព្រះអង្គនឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។ យើងបានអត់ទ្រាំជាយូរមកហើយ យើងបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសម្រាលកូន យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។ យើងនឹងបំផ្លាញទាំងភ្នំធំ និងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ យើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានក្លាយទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោក។ យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។ ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា "លោកជាព្រះរបស់យើងខ្ញុំ" នោះនឹងត្រូវបែរខ្នងចេញវិញ ហើយមានសេចក្ដីខ្មាសជ្រប់មុខផង។
អេសាយ 42:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅដូចវីរជន ដូចអ្នកចម្បាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសម្ងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន! យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូច យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក ហើយឲ្យបឹងបួរីងហួតហែង។ យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។ រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
អេសាយ 42:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់នឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ទ្រង់នឹងបណ្តាលសេចក្ដីឧស្សាហ៍ឡើង ដូចជាមនុស្សថ្នឹកចំបាំង ទ្រង់នឹងស្រែកឡើង អើ ទ្រង់នឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។ អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង អញនឹងបំផ្លាញទាំងភ្នំធំនឹងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ អញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោកទៅ អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា លោកជាព្រះរបស់យើងខ្ញុំ នោះនឹងត្រូវបែរខ្នងចេញវិញ ហើយនឹងមានសេចក្ដីខ្មាសជ្រប់មុខផង។