អេសាយ 42:1-7 - Compare All Versions
អេសាយ 42:1-7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។ ព្រះអង្គនឹងមិនស្រែក ឬបន្លឺឡើង ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ ព្រះអង្គនឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។ ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា យើងនេះគឺជាយេហូវ៉ា យើងបានហៅអ្នកមក ដោយសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក យើងប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ជាពន្លឺដល់អស់ទាំងសាសន៍ ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង។
អេសាយ 42:1-7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអម្ចាស់មានព្រះបន្ទូលថា: លោកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់ការវិនិច្ឆ័យ។ លោកមិនស្រែក ឬគំហកកំហែង ដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន! លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ នៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់ចាំទទួលវិន័យពីលោក។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។ យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា ប្រោសមនុស្សខ្វាក់ឲ្យភ្លឺ នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង ភាពងងឹត ឲ្យបានចេញរួចផង។
អេសាយ 42:1-7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
មើល នេះនែអ្នកបំរើរបស់អញ ដែលអញទប់ទល់ គឺជាអ្នកជ្រើសរើសរបស់អញ ដែលជាទីរីករាយដល់ចិត្តអញ អញបានដាក់វិញ្ញាណអញឲ្យសណ្ឋិតលើទ្រង់ ហើយទ្រង់នឹងសំដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌ ទ្រង់នឹងមិនស្រែក ឬបន្លឺឡើង ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត ទ្រង់នឹងមិនដែលអន់ថយ ឬរសាយចិត្តដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹមដល់ក្រឹត្យក្រមរបស់ទ្រង់។ ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានបន្ទូលថា អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្ដីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍ ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង នឹងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង