អេសាយ 41:8-13
អេសាយ 41:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែអ្នក ឱអ៊ីស្រាអែល ជាអ្នកបម្រើយើងអើយ ព្រមទាំងយ៉ាកុប ដែលយើងបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសម្លាញ់របស់យើងផង គឺអ្នកដែលយើងបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងអ្នកថា អ្នកជាអ្នកបម្រើរបស់យើង យើងបានរើសអ្នក មិនមែនបោះបង់ចោលអ្នកទេ កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។ មើល៍ អស់អ្នកដែលខឹងក្តៅក្រហាយនឹងអ្នក គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ។ អ្នកនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងអ្នកនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង។ ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
អេសាយ 41:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកវិញ ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែលជាមិត្តសម្លាញ់របស់យើងអើយ! យើងបានដឹកដៃអ្នក ពីស្រុកដាច់ស្រយាលនៃផែនដី យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក យើងបាននិយាយទៅកាន់អ្នកថា: អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើស យើងនឹងមិនបោះបង់ចោលអ្នកឡើយ! កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។ ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និងបាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និងរលាយសូន្យទៅ។ អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
អេសាយ 41:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង