អេសាយ 41:1-7

អេសាយ 41:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​យើង​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចម្រើន​កម្លាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​ឲ្យ​គេ​និយាយ​ចុះ ចូរ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សម្រេច​ក្តី​យើង។ តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ចំបើង ដែល​ត្រូវ​ផាត់​តាម​ខ្យល់ ដោយ​ធ្នូ​ដែរ។ អ្នក​នោះ​ដេញ​តាម​គេ ក៏​ដើរ​ដោយ​សុខ‌សាន្ត ទៅ​តាម​ផ្លូវ​ដែល​ជើង​ខ្លួន​មិន​ដែល​ជាន់​ឡើយ តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សម្រេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​តំណ​មនុស្ស​តាំង​ពី​ដើម​មក គឺយើង យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា‌មួយ​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​យើង​នេះ​ហើយ កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត។ គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង‌ប្អូន​ខ្លួន​ថា "ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង" ដូច្នេះ ជាង​ឈើ​គេ​កម្លា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កម្លា​ចិត្ត​ដល់​អ្នក​ដែល​ដំដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។

ចែក​រំលែក
អាន អេសាយ 41

អេសាយ 41:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស‌ម្នា​នៅ​តាម​កោះ ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម‌ស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ! ប្រជា‌រាស្ត្រ​ទាំង‌ឡាយ​អើយ ចូរ​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ! យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។ តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌ ឲ្យ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​លោក​កម្ទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​លោក​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ ដូច​កម្ទេច​ចំបើង​ប៉ើង​តាម​ខ្យល់។ លោក​ដេញ​តាម​ពួក​គេ លោក​ឆ្លង​កាត់​ទ័ព​របស់​គេ ដោយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ ជើង​របស់​លោក​ក៏​មិន​បាច់​ជាន់​ដី​ដែរ។ តើ​នរណា​បាន​គ្រោង​ទុក និង​សម្រេច​ព្រឹត្តិ‌ការណ៍​ទាំង​នេះ? គឺ​ព្រះអង្គ​ដែល​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​រៀង​មក។ យើង​ជា​ព្រះ‌អម្ចាស់​ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។ ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។ ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​ពោល​ទៅ​កាន់​បងប្អូន​របស់​ខ្លួន​ថា “ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។ ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក ដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។ បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់ រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។

ចែក​រំលែក
អាន អេសាយ 41

អេសាយ 41:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​អញ​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចំរើន​កំឡាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​សឹម​ឲ្យ​គេ​និយាយ​ចុះ ចូរ​ឲ្យ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សំរេច​ក្តី​យើង តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ អ្នក​នោះ​ដេញ​តាម​គេ ក៏​ដើរ​ដោយ​សុខ‌សាន្ត ទៅ​តាម​ផ្លូវ​ដែល​ជើង​ខ្លួន​មិន​ដែល​ជាន់​ឡើយ តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សំរេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​ដំណ​មនុស្ស​តាំង​ពី​ដើម​មក គឺ​អញ យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​អញ​នេះ​ហើយ កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង​ប្អូន​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ដូច្នេះ ជាង​ឈើ​គេ​កំឡា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កំឡា​ចិត្ត​ដល់​អ្នក​ដែល​ដំ​ដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។

ចែក​រំលែក
អាន អេសាយ 41